(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងជំរុញឲ្យមានបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានករណីចាក់សម្លាប់យ៉ាងសាហាវមួយនៅឯសាលារៀនមួយកន្លែងនៅភាគខាងកើតប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។
ការអំពាវនាវនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍ចាក់សម្លាប់ដ៏សាហាវនៅសាលាមធ្យមសិក្សាមួយកាលពីថ្ងៃអង្គារ។ ប៉ូលិសបានសាកសួរសិស្សអាយុ ១៤ឆ្នាំម្នាក់ ជុំវិញការចាក់សម្លាប់ជំនួយការសាលាអាយុ ៣១ឆ្នាំម្នាក់ អំឡុងពេលមានការឆែកឆេររកអាវុធ។ នាយករដ្ឋមន្ត្រី លោក Francois Bayrou បានថ្លែងថា ឧបទ្ទវហេតុនេះមិនមែនជាករណីដាច់ដោយឡែកនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ France 2 កាលពីល្ងាចថ្ងៃអង្គារ លោក Macron បានចាត់ទុកបណ្ដាញសង្គមថាជាកត្តាមួយដែលត្រូវស្ដីបន្ទោសចំពោះអំពើហិង្សាក្នុងចំណោមយុវជន។ លោកបានថ្លែងថា «ប្រសិនបើវាមិនដំណើរការ (ក្នុងកម្រិត EU) ទេ យើងនឹងចាប់ផ្តើមធ្វើវានៅប្រទេសបារាំង។ យើងមិនអាចរង់ចាំបានទេ»។ ក្រោយមក លោកបានសរសេរលើ X ថា បទប្បញ្ញត្តិនេះត្រូវបានគាំទ្រដោយអ្នកជំនាញ ហើយថា «បណ្តាញសង្គមមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អាយុ។ ត្រូវតែធ្វើវា»។
ការអត្ថាធិប្បាយរបស់លោក Macron កើតឡើងចំពេលមានរលកនៃវិធានការស្រដៀងគ្នានៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលមានបំណងទប់ស្កាត់ការប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមកុមារ។ ជាឧទាហរណ៍ ប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន បានអនុម័តការហាមប្រាមលើក្មេងអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម ដែលជាបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតមួយ។
គួរបញ្ជាក់ថា ការជជែកដេញដោលអំពីផលប៉ះពាល់នៃបណ្ដាញសង្គមទៅលើសុខភាពផ្លូវចិត្ត និងអាកប្បកិរិយារបស់យុវជន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់អ្នកបង្កើតគោលនយោបាយនៅអឺរ៉ុប៕