(មូស្គូ)៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធ ទី១១ ខែមិថុនា ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីដកសារធាតុអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហើយបំប្លែងវាទៅជាឥន្ធនៈសម្រាប់រ៉េអាក់ទ័រស៊ីវិល ដែលនេះជាមធ្យោបាយដ៏មានសក្តានុពលមួយដើម្បីជួយបង្រួមគម្លាតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ទីក្រុងមូស្គូមានឆន្ទៈជួយក្នុងមធ្យោបាយជាក់ស្តែង។ លោកបានថ្លែងថា «យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់... ក្នុងការនាំចេញអ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់ និងការកែច្នៃជាបន្តបន្ទាប់ទៅជាឥន្ធនៈសម្រាប់រ៉េអាក់ទ័រ»។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបញ្ជាក់ពីការត្រៀមខ្លួននេះផងដែរ ដោយថា រុស្ស៊ីនឹង «ផ្តល់សេវាកម្មបែបនេះ» ប្រសិនបើភាគីពាក់ព័ន្ធយល់ថាវាចាំបាច់។
ការផ្តល់ជំនួយនេះ មានគោលបំណងដោះស្រាយចំណុចជាប់គាំងដ៏ធំមួយក្នុងការចរចា។ សហរដ្ឋអាមេរិកចង់ឲ្យសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ក្នុងកម្រិតខ្ពស់ ទាំងអស់របស់អ៊ីរ៉ង់ ត្រូវបានដឹកចេញពីប្រទេស។ ប៉ុន្តែទីក្រុងតេអេរ៉ង់អះអាងថា ខ្លួនគួរតែបញ្ជូនចេញតែបរិមាណដែលលើសពីកម្រិតពិដានដែលបានព្រមព្រៀងគ្នាប៉ុណ្ណោះ ហើយមិនអាចបោះបង់ចោលសិទ្ធិចម្រាញ់ទាំងស្រុងបានទេ។
រុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ មិនចង់ឃើញអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែជឿថា អ៊ីរ៉ង់មានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល។ កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានប្រាប់លោក ត្រាំ តាមទូរស័ព្ទថា លោកត្រៀមខ្លួនប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដើម្បីជួយជំរុញកិច្ចចរចា។
ការផ្តល់ជំនួយរបស់រុស្ស៊ីនេះ កើតឡើងខណៈដែលលោក ត្រាំ បានបង្ហាញទំនុកចិត្តតិចជាងមុនចំពោះការសម្រេចបានកិច្ចព្រមព្រៀង។ ក្នុងអាណត្តិដំបូង លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ដែលនាំឲ្យអ៊ីរ៉ង់ចាប់ផ្តើមបំពានលើដែនកំណត់នៃការចម្រាញ់អ៊ុយរ៉ាញ៉ូម។
គួរបញ្ជាក់ថា ការចូលរួមរបស់រុស្ស៊ី អាចនឹងផ្តល់នូវដំណោះស្រាយបច្ចេកទេសមួយ ប៉ុន្តែគេនៅតែរង់ចាំមើលថា តើភាគីអ៊ីរ៉ង់ និងអាមេរិកអាចឈានដល់ការឯកភាពផ្នែកនយោបាយលើសំណើនេះ និងចំណុចផ្សេងទៀតបានដែរឬទេ៕