(Graz)៖ ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សយ៉ាងតិច៩នាក់ នៅក្នុងការវាយប្រហារមួយនៅសាលាវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Graz ភាគខាងត្បូងនៃប្រទេសអូទ្រីស នៅថ្ងៃអង្គារ ទី១១ មិថុនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ ហើយមានមនុស្សមួយចំនួនទៀតបានរងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ចំនួនសិស្សដែលបានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ ហើយប៉ូលីលក៏មិនទាន់បានបង្ហាញអត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយដែរ ប៉ុន្តែបានសន្និដ្ឋានជាបឋមថា ជននេះធ្វើសកម្មភាពតែម្នាក់ឯង។

អធិការបតីអូទ្រីស លោក Christian Stocker បានហៅហេតុការណ៍នេះថាជា «សោកនាដកម្មជាតិ ដែលបានអង្រួនប្រទេសយ៉ាងខ្លាំង»។ លោកបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិត និងការឈឺចាប់ដែលប្រជាជនអូទ្រីសទាំងអស់កំពុងមានអារម្មណ៍។

អ្នកនាំពាក្យប៉ូលីសក្នុងតំបន់បានឲ្យដឹងថា តំបន់ជុំវិញកន្លែងកើតហេតុត្រូវបានធានាសុវត្ថិភាព សាលារៀនត្រូវបានជម្លៀសចេញ ហើយសាច់ញាតិរបស់ជនរងគ្រោះ និងសិស្សានុសិស្សកំពុងទទួលបានការយកចិត្តទុកដាក់។ សារព័ត៌មានមួយចំនួនបានរាយការណ៍ថា ជនសង្ស័យគឺជាអតីតសិស្សអាយុ ២២ឆ្នាំ ដែលធ្លាប់ជាជនរងគ្រោះនៃការគំរាមកំហែង ហើយបានប្រើកាំភ្លើងខ្លី និងកាំភ្លើងវែងបាញ់ប្រហារសិស្សក្នុងថ្នាក់រៀនចំនួនពីរ។ មានសេចក្តីរាយការណ៍ផងដែរថា ជនសង្ស័យត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹក៕