(ម៉ានីល)៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន នឹងស្បថចូលកាន់តំណែងជាគណៈវិនិច្ឆ័យ ដើម្បីបើកសវនាការកាត់ក្ដី លើការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានាធិបតី លោកស្រី Sara Duterte នៅថ្ងៃពុធ ទី១១ ខែមិថុនា។ លោកស្រីអាចប្រឈមនឹងការហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញថាមានទោស។ នេះបើតាម Reuters ថ្ងៃទី១០ មិថុនា ២០២៥។
លោកស្រី Duterte អាយុ ៤៧ឆ្នាំ ដែលជាបេក្ខជនសក្ដានុពលសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ត្រូវបានសភាជាន់ទាបចោទប្រកាន់កាលពីខែកុម្ភៈពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងក្បត់ទំនុកចិត្តសាធារណៈ។ ការចោទប្រកាន់រួមមានភាពមិនប្រក្រតីនៃថវិកា ការប្រមូលទ្រព្យសម្បត្តិខុសច្បាប់ និងការគំរាមកំហែងដល់ប្រធានាធិបតី Marcos និងប្រធានសភា។ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់។
សមាជិកព្រឹទ្ធសភាទាំង ២៤រូបនឹងធ្វើជាចៅក្រម ហើយត្រូវការសំឡេងភាគច្រើន ២ភាគ៣ ដើម្បីផ្ដន្ទាទោសលោកស្រី Duterte ដែលអាចប៉ះពាល់ដល់ឱកាសឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៨។ ការកាត់ក្តីនេះ កើតឡើងក្រោយការបែកបាក់សម្ព័ន្ធភាពរវាងលោក Marcos និងលោកស្រី Duterte ដែលធ្លាប់ឈ្នះឆ្នោតជាមួយគ្នាក្នុងឆ្នាំ២០២២។
ស្ថានការណ៍កាន់តែស្មុគស្មាញ បន្ទាប់ពីសម្ព័ន្ធមិត្តលោកស្រី Duterte ទទួលបានលទ្ធផលល្អក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីខែមុន។ ព្រឹត្តិការណ៍នេះក៏កើតឡើងក្រោយឪពុករបស់លោកស្រី គឺអតីតប្រធានាធិបតី Rodrigo Duterte ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ខ្លួន និងប្រគល់ទៅឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីខែមីនា ទាក់ទងនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់លោក។
គួរបញ្ជាក់ថា ដំណើរការកាត់ក្ដីនេះ នឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារវាអាចកំណត់ទិសដៅនយោបាយរបស់ហ្វីលីពីននាពេលអនាគត៕