(បូហ្គោតា)៖ មន្ទីរពេទ្យដែលព្យាបាលលោក Miguel Uribe សមាជិកព្រឹទ្ធសភា និងជាបេក្ខភាពប្រធានាធិបតីនៅប្រទេសកូឡុំប៊ី បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ថា រូបលោកនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ហើយហាក់បង្ហាញសញ្ញាឆ្លើយតបតិចតួចបំផុត ចំពោះកិច្ចប្រឹងប្រែងព្យាបាល បន្ទាប់ពីត្រូវគេបាញ់ប្រហារនៅទីក្រុងបូហ្គោតា ក្នុងករណីប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Uribe អាយុ ៣៩ឆ្នាំ ជាសមាជិកគណបក្សប្រឆាំងស្តាំនិយម Democratic Center។ លោកបានរងការបាញ់ប្រហារពីក្រោយចំនួន៣គ្រាប់ ក្នុងនោះ២គ្រាប់ ត្រូវចំផ្នែកក្បាល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខណៈដែលលោកកំពុងថ្លែង ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតមួយនៅទីធ្លាសាធារណៈ ក្នុងរដ្ឋធានីបូហ្គោតា។ សកម្មភាពបាញ់ប្រហារនោះ ដែលត្រូវបានថតជាប់ក្នុងវីដេអូ បានធ្វើឱ្យប្រទេសកូឡុំប៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយវានាំឱ្យឃើញឃើញឡើងវិញ នូវអំពើហិង្សានយោបាយកាលពីទសវត្សរ៍មុនៗ។ មន្ទីរពេទ្យ Santa Fe Foundation បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពរបស់លោកគឺធ្ងន់ធ្ងរបំផុត។ ដូច្នេះការព្យាករទៅមុខជុំវិញស្ថានភាពរបស់លោក នៅតែមានភាពប្រុងប្រយ័ត្ន»។
ប្រទេសកូឡុំប៊ីជាយូរមកហើយ បានជាប់ជំពាក់ក្នុងបញ្ហាជម្លោះ ជាមួយក្រុមឧទ្ទាមឆ្វេងនិយម ក៏ដូចជាក្រុមឧក្រិដ្ឋជន ដែលកើតចេញពី ក្រុមប្រដាប់អាវុធស្តាំនិយម ប៉ុន្តែមូលហេតុនៃការវាយប្រហារលើលោក Uribe នៅមិនទាន់អាចកំណត់ច្បាស់ទេ។ ប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro បានប្តេជ្ញាថា នឹងនាំមកនូវសន្តិភាព តាមរយៈការចរចាជាមួយក្រុមឧទ្ទាម ដើម្បីឱ្យពួកគេទម្លាក់អាវុធចុះ ប៉ុន្តែមកទល់ពេលនេះទទួលបានជោគជ័យតិចតួច។
គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាសមាជិកព្រឹទ្ធសភា លោក Uribe ដែលត្រូវតស៊ូដណ្តើមតំណែងបេក្ខជន ដើម្បីតំណាងបក្សរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៦ ត្រូវបានវាយប្រហារបែបនេះនោះទេ។ កម្រិតប្រជាប្រិយភាពរបស់លោក ក្នុងការស្ទង់មតិកន្លងមក គឺនៅក្រោយឆ្ងាយជាងបេក្ខជនបក្សដទៃទៀត គិតត្រឹមពេលមានករណីបាញ់ប្រហារ។
គួរបញ្ជាក់ថា ក្មេងអាយុ១៥ឆ្នាំម្នាក់ ដែលប្រដាប់ដោយកាំភ្លើងប្រភេទ ៩មីលីម៉ែត្រ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការបាញ់ប្រហារ។ ជនសង្ស័យរូបនេះ ប្រឈមមុខនឹង ការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងកាន់កាប់អាវុធខុសច្បាប់។ ប៉ុន្តែដោយសារជាអនីតិជន រូបគេអាចប្រឈមមុខនឹងការជាប់ឃុំរយៈពេល ៨ឆ្នាំ នៅក្នុងមណ្ឌលកែប្រែ ជំនួសឱ្យពន្ធនាគារ៕