(ប៉េកាំង)៖ បន្ទាប់ពីកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ការសន្ទនាតាមទូរស័ព្ទលើកដំបូង រវាងប្រមុខរដ្ឋចិន និងអាមេរិកបានទាក់ទាញចំណាប់អារម្មណ៍ពីទូទាំងពិភពលោក។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សម្រាប់អ្នកប្រើអ៊ីនធឺណេត នៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤,៧ភាគរយយល់ឃើញថា កិច្ចសន្ទនាតាមទូរស័ព្ទរវាង មេដឹកនាំចិន និងសហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាវិជ្ជមាន ដើម្បីបន្ធូរបន្ថយវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ។
ចាប់តាំងពីការបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកមក ប្រទេសចិនបានអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់។ ជុំវិញករណីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៥,៧ភាគរយ យល់ឃើញថា សហរដ្ឋអាមេរិកគួរតែគោរពតាមគំនិតឯកភាពរួម របស់ចិននិងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ព្រមនិងអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀង ដែលសម្រេចបាននៅក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៧ភាគរយថ្លែងថា ទំនាក់ទំនងចិន-អាមេរិក មិនមែនជាហ្គេមផលបូកសូន្យទេ ការអភិវឌ្ឍនៃភាគីណាមួយក៏មិនគួរដកហូតសិទ្ធិស្របច្បាប់របស់ភាគីម្ខាងទៀតឡើយ។ ការស្ទង់មតិនេះត្រូវបានចេញផ្សាយ នៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ដោយបានទាក់ទាញអ្នកផ្តល់ បទសម្ភាសន៍សរុប ៥៦១០ នាក់មកចូលរួមការស្ទង់មតិ និងបញ្ចេញមតិយោបល់ក្នុងរយៈពេល ១២ ម៉ោង៕
វិទ្យុមិត្តភាពកម្ពុជាចិន