(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ បានឱ្យដឹងថា ការធ្លាក់ចុះនៃអត្រាកំណេីតជាសាកល មិនមែនកេីតឡេីង ដោយសារតែមនុស្សវ័យក្មេង បដិសេធលំនាំរបស់ឪពុក-ម្តាយនោះទេ ប៉ុន្តែគឺដោយសារសម្ពាធសង្គម និងសេដ្ឋកិច្ចរារាំងពួកគេ។ នេះបេីយោងតាមរបាយការណ៍ស្តីអំពីស្ថានភាពចំនួនប្រជាជនពិភពលោក នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥របស់ទីភ្នាក់ងាជំរឿនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA)។
UNFPA ព្រមានថា ថ្លៃចំណាយក្នុងការរស់នៅចេះតែកើនឡើង វិសមភាពយេនឌ័រ និងភាពមិនច្បាស់លាស់កាន់តែស៉ីជម្រៅ អំពីអនាគត គឺជាបញ្ហាប្រឈម។ របាយការណ៍នេះផ្អែកលេីការស្ទង់មតិ នាពេលថ្មីៗ ធ្វើឡើងនៅប្រទេសចំនួន ១៤ ដែលរួមគ្នាតំណាងឱ្យ ៣៧ភាគរយនៃចំនួនប្រជាជនពិភពលោក។
១៣ ភាគរយនៃស្ត្រី និង ៨ភាគរយនៃបុរស បានចង្អុលទៅលេីការបែងចែកការងារផ្ទះ មិនស្មើភាពដែលជាកត្តាធ្វើឱ្យពួកគេ មានកូនតិចជាងការចង់បាន។ ការស្ទង់មតិក៏បានបង្ហាញដែរថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៣នាក់ ជួបប្រទះនឹងការមានផ្ទៃពោះដោយអចេតនា ម្នាក់ក្នុងចំណោម ៤នាក់មានអារម្មណ៍ថា មិនអាចមានកូនតាមពេលវេលា ដែលពួកគេចង់បាន ហើយម្នាក់ក្នុងចំណោម ៥នាក់រងការដាក់សម្ពាធឱ្យបង្កើតកូន ដែលពួកគេមិនទាន់ចង់បាន។
UNFPA បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវជម្រើសនានា ដេីម្បីដករនាំងឧបសគ្គចំពោះភាពជាឪពុកម្តាយ ដែលកំណត់ដោយការវាយតម្លៃលេីប្រជាជនរបស់ពួកគេ។ សកម្មភាពទាំងនោះ អាចជាការធ្វើឱ្យភាពជាឪពុកម្តាយកាន់តែមានតម្លៃ តាមរយៈការវិនិយោគលើលំនៅដ្ឋាន ការងារសមរម្យ ការឈប់សម្រាកដោយមានប្រាក់កម្រៃ និងការទទួលបានសេវាសុខភាពបន្តពូជដ៏ទូលំទូលាយ៕