(បរទេស)៖ ក្រុមហ៊ុន Amazon ត្រូវបានគេរាយការណ៍មកថាគ្រោងនឹងវិនិយោគយ៉ាងតិច ២០ ពាន់លានដុល្លារ នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud Computing របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ការវិនិយោគនេះ នឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យបច្ចេកវិទ្យាខ្ពស់ជាច្រើន និងមជ្ឈមណ្ឌលច្នៃប្រឌិតបញ្ញាសិប្បនិម្មិត (AI) នៅទូទាំងរដ្ឋ Pennsylvania។ វាជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ Pennsylvania ពីវិស័យឯកជន។
Amazon បានឲ្យដឹងថា ការវិនិយោគនេះនឹងបង្កើតការងារដែលមានជំនាញខ្ពស់ចំនួន ១,២៥០ កន្លែង និងគាំទ្រការងាររាប់ពាន់កន្លែងផ្សេងទៀតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យរបស់ Amazon Web Services (AWS)។ តាមការបញ្ជាក់ ទីក្រុង Salem Township និង Falls Township គឺជាសហគមន៍ដំបូងគេដែលត្រូវបានកំណត់ថាជាទីតាំងសម្រាប់បរិវេណថ្មីទាំងនេះ។
ការវិនិយោគនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងការវិនិយោគយ៉ាងច្រើនដើម្បីគាំទ្របច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលក្រុមហ៊ុនធំៗនៅលើពិភពលោកកំពុងប្រណាំងប្រជែងគ្នាដើម្បីផ្តល់នូវម៉ូដែល AI និងសេវាកម្ម cloud ដែលទំនើបបំផុត។
គួរជម្រាបថា ការវិនិយោគនៅរដ្ឋ Pennsylvania នេះ កើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពី Amazon បាននិយាយថា ខ្លួននឹងវិនិយោគ ១០ ពាន់លានដុល្លារនៅរដ្ឋ North Carolina និងបានប្រកាសផែនការវិនិយោគជាង ៥ ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ cloud ថ្មីរបស់ខ្លួននៅតៃវ៉ាន់។ យ៉ាងជុំវិញព័ត៌មានលម្អិត Amazon នៅមិនទាន់បញ្ជាក់ពីកាលកំណត់ជាក់លាក់សម្រាប់ការវិនិយោគនេះនៅឡើយនោះទេ៕