(វ៉ាស៉ីនតោន)៖ យោធាអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់​ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។

មកទល់នឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហេីយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាមេរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតមកដល់។

អភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថា ដាក់ពង្រាយកងទ័ពឆ្មាំជាតិ គឺជារឿងខុសច្បាប់ ដោយបំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋ។​

លោក Tom Homan ដែលជាមេភ្នាក់ងារព្រំដែនរបស់លោក ត្រាំ បាននិយាយថា លោក Newsom គួរតែត្រូវបានចាប់ខ្លួន ប្រសិនបេីហ៊ានរារាំងវិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលេីកឡេីងនេះដោយនិយាយថា «ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom។ ខ្ញុំគិតថាវាល្អ»

គួរបញ្ជាក់ថា ប៉ូលិសនៅទីក្រុង Los Angeles បានចោទប្រកាន់ថា ក្រុមបាតុករមួយចំនួន បានគប់ដុំថ្មបេតុង ដប និងវត្ថុផ្សេងៗទៀតមកលើប៉ូលិស ខណៈដែលបាតុកររាប់សិបនាក់ត្រូវបានចាប់ខ្លួន៕