(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទថា អង្គការណាតូ (NATO) បានបង្ហាញចរិតពិតរបស់ខ្លួនថាជា «ឧបករណ៍នៃការឈ្លានពាន និងការប្រឈមមុខដាក់គ្នា»។ ការអត្ថាធិប្បាយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថា អគ្គលេខាធិការណាតូ លោក Mark Rutte គ្រោងនឹងអំពាវនាវឲ្យសមាជិកសម្ព័ន្ធមិត្តបង្កើនប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់ពួកគេដល់ទៅ ៤០០% ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា សម្ព័ន្ធភាពនេះគ្មានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខនៅលើទ្វីបអឺរ៉ុបទេ ហើយបានបន្ថែមថា អ្នកបង់ពន្ធអឺរ៉ុបនឹងត្រូវទទួលបន្ទុកចំណាយសម្រាប់ការព្យាយាមទប់ទល់នឹងអ្វីដែលរុស្ស៊ីហៅថាជា «ការគំរាមកំហែងដែលប្រឌិតឡើង»។ អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់ផងដែរថា ទីក្រុងមូស្គូនឹង «រក្សាសិទ្ធិ» ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិនៃអង្គការណាតូ ដែលបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល បាន «យល់ព្រមជាគោលការណ៍» ក្នុងការបន្តការបង្កើនការចំណាយផ្នែកយោធារបស់ប្រទេសសមាជិកឲ្យដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។
ទោះជាយ៉ាងណា ក៏មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើកាលវិភាគ និងប្រភេទនៃការចំណាយ ដែលបង្ហាញពីការបែកបាក់ផ្ទៃក្នុងមួយចំនួន មុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនៅទីក្រុងឡាអេ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៤-២៥ ខែមិថុនា។
គួរបញ្ជាក់ថា ការវាយបកគ្នាដោយពាក្យសម្តីនេះ កើតឡើងចំពេលមានភាពតានតឹងខ្លាំងរវាងរុស្ស៊ី និងបស្ចិមលោកជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងអនាគតនៃរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប៕