(ឡុងដ៍)៖ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមកិច្ចប្រជុំមួយនៅទីក្រុងឡុងដ៍ នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ដើម្បីព្យាយាមដោះស្រាយជម្លោះពាណិជ្ជកម្មដ៏តានតឹង ដែលបានរីករាលដាលពីការយកពន្ធទៅវិញទៅមក ដល់ការរឹតបន្តឹងលើការនាំចេញរ៉ែដ៏កម្រ ដែលកំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។
ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បានថ្លែងប្រាប់ទូរទស្សន៍ CNBC ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឲ្យប្រាកដថាភាគីចិនមានភាពស្មោះត្រង់ និងដើម្បីទទួលបាន «ការចាប់ដៃគ្នា» (កិច្ចព្រមព្រៀង) លើបញ្ហារ៉ែដ៏កម្រ។ លោកបាននិយាយថា ការរំពឹងទុកគឺថា ភ្លាមៗបន្ទាប់ពីមានការព្រមព្រៀង ការរឹតត្បិតលើការនាំចេញ (របស់ចិន) នឹងត្រូវបានបន្ធូរបន្ថយ។
គណៈប្រតិភូអាមេរិក រួមមានរដ្ឋមន្ត្រីរតនាគារ លោក Scott Bessent, រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer។ គណៈប្រតិភូចិនត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng។ ការដាក់បញ្ចូលលោក Lutnick ដែលជាអ្នកត្រួតពិនិត្យការនាំចេញ គឺជាសញ្ញាមួយបង្ហាញថា បញ្ហារ៉ែដ៏កម្របានក្លាយជាចំណុចកណ្តាលនៃកិច្ចចរចា។
កិច្ចពិភាក្សានេះ ដែលអាចបន្តដល់ថ្ងៃអង្គារ ធ្វើឡើងដើម្បីព្យាយាមបន្តកិច្ចព្រមព្រៀងបឋមដែលបានធ្វើឡើងកាលពីខែមុននៅទីក្រុងហ្សឺណែវ (ថ្ងៃទី១២ ឧសភា)។ ចាប់តាំងពីពេលនោះមក អាមេរិកបានចោទប្រកាន់ចិនថា បានយឺតយ៉ាវក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសជុំវិញការនាំចេញរ៉ែដ៏កម្រ។ ជំនួបនេះក៏ធ្វើឡើងដែរ បន្ទាប់ពីលោក ត្រាំ និងលោក ស៊ី បានសន្ទនាតាមទូរស័ព្ទកាលពីសប្តាហ៍មុន។
ភាគីទាំងពីរកំពុងស្ថិតក្រោមសម្ពាធ ដោយសេដ្ឋកិច្ចចិនមើលឃើញពីការធ្លាក់ចុះកំណើននាំចេញ ហើយសេដ្ឋកិច្ចអាមេរិកក៏រងផលប៉ះពាល់ដោយសារការធ្លាក់ចុះទំនុកចិត្តផ្នែកធុរកិច្ច និងគ្រួសារ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។
គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចចរចានៅទីក្រុងឡុងដ៍ នឹងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ដោយវាអាចកំណត់ទិសដៅនៃទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕