(កៀវ)៖ នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ទីក្រុងកៀវបានឱ្យដឹងថា រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់យន្តហោះដ្រូនចំនួន ៤៧៩គ្រឿង កាលពីវេលាយប់កន្លងទៅ ខណៈដែលទីក្រុងមូស្គូ បន្តមិនទទួលយកការអំពាវនាវឱ្យមានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមាន​សេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រាប់។

គួរបញ្ជាក់ថា ស្របពេលដែលរុស្ស៉ីបន្តបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ទីក្រុងកៀវបានអះអាងថា សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា ទីក្រុងមូស្គូគ្មានចេតនាផ្អាក ឬស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួនទេ ហើយមិន​មានភាពប្រាកដប្រជា ចំពោះកិច្ចប្រឹងប្រែងចរចាសន្តិភាព នោះឡើយ។

យ៉ាងណាមិញ អ៊ុយក្រែនបានប្រាប់ថា កាលពីវេលាយប់កន្លងទៅ ខ្លួនក៏បានវាយប្រហារតាមអាកាស លើរោងចក្រអេឡិចត្រូនិកមួយកន្លែង ដែលផលិតគ្រឿងផ្គុំសម្រាប់ដ្រូនរុស្ស៉ីផងដែរ ហើយអាជ្ញាធរុស្ស៉ីប្រចាំតំបន់ បានអះអាងថា រោងចក្រនោះបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ក្រោយការវាយប្រហារបស់អ៊ុយក្រែន៕