(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៨ ខែមិថុនា បាននិយាយថា កងកម្លាំងឆ្មាំជាតិ ដែលត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Los Angeles (LA) នឹងជួយស្តារច្បាប់និងសណ្តាប់ធ្នាប់ឱ្យរឹងមាំឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនឡើងជិះយន្តហោះ Air Force One នៅព្រលានយន្តហោះ Morristown លោក ត្រាំ បានលើកឡើងដូច្នេះថា «មានមនុស្សដែលប្រើហិង្សា ដូច្នេះហើយយើងនឹងមិនអនុញ្ញាតឱ្យពួកគេទាំងនោះ ធ្វើអ្វីតាមអំពើចិត្តទេ។ ខ្ញុំយល់ថា អ្នកនឹងមើលឃើញការស្តារច្បាប់និងសណ្តាប់ធ្នាប់រឹងមាំឡើងវិញ»។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក បានសម្រេចបញ្ជូនកងឆ្មាំជាតិចំនួន ២០ ០០០នាក់ ទៅកាន់ទីក្រុង LA នៃរដ្ឋ California បន្ទាប់ពីបាតុកម្មយ៉ាងហិង្សាបានផ្ទុះឡើង កាលពីចុងសប្តាហ៍កន្លងទៅ ប្រឆាំងទីភ្នាក់ងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់ ហៅកាត់ថា ICE។ អភិបាលរដ្ឋ California លោក Gavin Newson បាននិយាយថា ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ មកកាន់ទីក្រុង LA គឺខុសច្បាប់៕