(មូស្គូ)៖ អាជ្ញាធររុស្ស៉ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៨ ខែឧសភាថាអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូនកំណត់គោលដៅលើរដ្ឋធានីមូស្គូ ដោយបង្ខំឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានដ៏សំខាន់ចំនួន២ នៃរដ្ឋធានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin ក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានកម្ទេចដ្រូនអ៊ុយក្រែន ៩គ្រឿង ដែលហោះសំដៅឆ្ពោះទៅរករដ្ឋធានីមូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ។ លោកបន្ថែមថាមន្ត្រីសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ជាទីដែលបំណែកដ្រូនបានធ្លាក់។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើមានអ្នករងរបួស ឬការខូចខាតនោះទេ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៉ី ដើម្បីធានាសុវត្ថិភាពហោះហើរ ខ្លួនបានសម្រេចចិត្តបិទអាកាសយានដ្ឋាន Vnukovo និង Domodedovo មួយរយៈពេលខ្លី។ រុស្ស៉ី និងអ៊ុយក្រែន មួយរយៈពេលចុងក្រោយនេះបានបង្កើនការវាយប្រហារដោយប្រើដ្រូនទៅវិញទៅមក ខណៈកិច្ចចរចានៅតែមិនទាន់អាចសម្រេចបានបទឈប់បាញ់នៅឡើយទេ៕