(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានឱ្យដឹងថា យោធាអ៉ីស្រាអែលទទួលបានសាកសពចំណាប់ខ្មាំងជនជាតិថៃម្នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាពេលដែលក្រុមហាម៉ាសវាយប្រហារលើអ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ ២០២៥។

លោក Katz និយាយថា ចំណាប់ខ្មាំងឈ្មោះ Nattapong Pinta ត្រូវក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Mujahedeen Brigades ឃុំខ្លួន ហើយសពត្រូវបានគេយកមកវិញពីតំបន់ Rafah នៅភាគខាងត្បូងហ្កាហ្សា។ គ្រួសាររបស់ចំណាប់ខ្មាំងរូបនេះ នៅក្នុងប្រទេសថៃ ទទួលបានដំណឹងហេីយ។

Pinta ជាកម្មករខាងកសិកម្មនៅឯសហគមន៍តូចមួយ​ ក្បែរព្រំដែនអ៉ីស្រាអែល។ តាមយោធាអ៉ីស្រាអែល Pinta ត្រូវបានសម្លាប់ដោយពួកដែលចាប់គាត់យកទៅ និងត្រូវបានប្រគល់មកវិញរួមជាមួយចំណាប់ខ្មាំងជនជាតិអ៉ីស្រាអែល -អាមេរិកពីរនាក់ទៀត ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ក្រុម Mujahedeen Brigades ក៏បានចាប់ខ្លួន និងសម្លាប់ចំណាប់ខ្មាំងជនជាតិអ៉ីស្រាអែលម្នាក់ រួមទាំងកូនតូចពីរនាក់ផងដែរ។ យោធាអ៉ីស្រាអែលជឿថា ក្រុមនេះនៅទុកសាកសពជនជាតិផ្សេងទៀត។ ក្នុងចំណាប់ខ្មាំង ៥៥នាក់ មា​នតែ ២០នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅមានជីវិត៕