(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើទស្សនកិច្ចនៅដែនដី Greenland នៅថ្ងៃទី១៥ ខែមិថុនា ហើយជួបនាយករដ្ឋមន្ត្រី លោក Jens-Frederik Nielsen និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ ២០២៥។

ការិយាល័យប្រធានាធិបតី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍នេះថា នឹងមានកិច្ចពិភាក្សារវាងមេដឹកនាំ ដោយផ្តោតលើសន្តិសុខអាត្លង់ទិកខាងជើង និងអាកទិក ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរផ្នែកថាមពល និងរ៉ែសំខាន់ៗ។

Greenland មានទីតាំងយុទ្ធសាស្ត្រដែលនៅជាប់មហាសមុទ្រអាត្លង់ទិកខាងជើង និងតំបន់អាក់ទិក ហេីយក៏ជាប្រភពនៃដ៏ធំនៃសារធាតុរ៉ែសំខាន់ៗ និងឥន្ធនៈហ្វូស៊ីល។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ក៏ជាកន្លែងដែលមានមូលដ្ឋានទ័ពអាកាស និងស្ថានីយ៍រ៉ាដារបស់សហរដ្ឋអាមេរិកផងដែរ ដែលប្រើសម្រាប់ចាប់សញ្ញាគំរាមកំហែងដោយមីស៉ីល និងជាកន្លែងយកការណ៍។

ជារឿយៗ Greenland និងដាណឺម៉ាក តែងប្រឆាំងនឹងគំនិតរបស់លោក ត្រាំ ក្នុងការគ្រប់គ្រងដែនដីនេះ៕