(ប៉េកាំង)៖ "ការវាយតម្លៃរបស់ពិភពលោកទាំងមូលចំពោះអាមេរិកបានប្រែជាអវិជ្ជមាន ហើយចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិន បានកើនឡើង"។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនប្រឹក្សាយោបល់ Morning Consult ដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិក បានប្រកាសលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា គិតត្រឹមចុងខែឧសភា ចំណាប់អារម្មណ៍ល្អរបស់ពិភពលោកចំពោះអាមេរិក បានធ្លាក់ចុះដល់-១,៥ ប៉ុន្តែទិន្នន័យរបស់ប្រទេសចិនបែរជាឡើងដល់៨,៨ ។ ពិតមែនតែនេះគ្រាន់តែជា លទ្ធផលស្ទង់ប្រជាមតិស្ថាប័នតែមួយក៏ដោយ ក៏ប៉ុន្តែដោយសារការស្ទង់មតិលើកនេះបានធ្វើឡើងនៅប្រទេសនិងតំបន់ចំនួនជាង៤០ ថែមទាំងភាគច្រើនជាដៃគូផ្នែកសេដ្ឋកិច្ចនិងយោធាដ៏សំខាន់បំផុតរបស់អាមេរិក បានជាលទ្ធផលនេះគឺប្រកបដោយភាពគួរឱ្យទុកចិត្ត និងការព្រមាន។

តាំងពីចូលឆ្នាំនេះមក ការដែលអាមេរិកអនុវត្តគោលនយោបាយពន្ធគយយ៉ាងអនាធិបតេយ្យ បានបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយអាមេរិកក៏បាននិងកំពុង បង់តម្លៃយ៉ាងធ្ងន់ធ្ងរផងដែរ។ នៅថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលអាមេរិកបានប្រកាសទៀតថា នឹងដំឡើងពន្ធគយនាំចូលដែកថែប និងអាលុយមីញ៉ូមពី២៥ភាគរយដល់៥០ភាគរយ ដែលបានរងការរិះគន់យ៉ាងខ្លាំងពីពិភពលោកទាំងមូល ។ "អាមេរិកប៉ុនប៉ងលាក់បាំង កង្វះខាតរបស់ខ្លួនដោយយកសន្តិសុខជាតិធ្វើជាលេស " "នេះជាទង្វើបំផ្លាញសេដ្ឋកិច្ចខ្លួនឯង ដ៏សុទ្ធសាធ " "បានសឱ្យឃើញនូវអាកប្បកិរិយាក្រអឹតក្រអោងរបស់ប្រទេសធំ " ។ល។

សង្គ្រាមពន្ធគយ គ្មានអ្នកឈ្នះទេ ។ បើមើលពីការពិតជាក់ស្តែង អាមេរិកដំឡើងពន្ធគយលើកនេះ សំខាន់គឺសំដៅចំពោះ សម័្ពន្ធមិត្តសំខាន់ៗ ។ បច្ចុប្បន្ននេះ ដែកថែមប្រហែល១ភាគ៤ និងអាលុយមីញ៉ូម១ភាគពីរ ដែលអាមេរិកបានប្រើប្រាស់ គឺពឹងផ្អែកទៅលើការនាំចូល។ តាមទិន្នន័យស្ថិតិរបស់សមាគមន៍ដែកថែប របស់អាមេរិកបានឱ្យដឹងថា ប្រទេសជាប្រភពនាំចូលដែកថែបដ៏សំខាន់របស់អាមេរិក គឺកាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូងនិងវៀតណាម ។ ព្រមពេលជាមួយគ្នានេះ កាណាដាក៍ជាប្រទេសផ្គត់ផ្គង់អាលុយមីញ៉ូមដ៏សំខាន់របស់អាមេរិកផងដែរ។

ដោយមកពីអាមេរិក និងអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអនុគ្រោះនិងកាត់បន្ថយពន្ធគយដល់គ្នា ទៅវិញទៅមក បានជាពន្ធគយរបស់អាមេរិក សម្រាប់នាំចូលដែកថែបនិងអាលុយមីញ៉ូម ពីអង់គ្លេសរក្សានៅត្រឹម២៥ភាគរយដដែល ប៉ុន្តែពន្ធគយនាំចូលពីប្រទេសផ្សេងទៀត បានដំឡើងដល់៥០ភាគរយ។

និយាយចំពោះប្រទេសចិនវិញ បច្ចុប្បន្ននេះ បរិមាណនាំចេញផលិតផលដែកថែបនិងអាលុយមីញ៉ូមទៅកាន់អាមេរិក ត្រូវជាប្រហែល១០ភាគរយនៃបរិមាណនាំចេញដែកថែបនិងអាលុយមីញ៉ូមសរុប។ ប៉ុន្តែការពិតជាក់ស្តែងពីមុនបានបញ្ជាក់ រួចហើយថា ទីបំផុត ពន្ធគយទាំងនេះនឹងផ្ទេរទៅកាន់អ្នកប្រើប្រាស់របស់អាមេរិក។ ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានព្រមានថា ការដែលរដ្ឋាភិបាលដំឡើងពន្ធគយដែកថែបនិងអាលុយមីញ៉ូមនឹងបណ្តាលឱ្យមានការព្រួយបារម្ព តម្លៃរបស់រថយន្ត តម្លៃបោកខោអាវ រហូតដល់តម្លៃអចលនទ្រព្យប្រហែលនឹងឡើងថ្លៃយ៉ាងខ្លាំង គ្រួសាររាប់លានរបស់អាមេរក នឹងទទួលបន្ទុកដើមទុននេះ ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា អាមេរិកអនុវត្តគោលនយោបាយពន្ធគយយ៉ាងអនាធិបតេយ្យ នឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផង និងខ្លួនឯងផងដែរ ។ នៅថ្ងៃទី ៣ខែមិថុនា អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច(OECD)បានបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ច របស់អាមេរិកនៅឆ្នាំនេះមក នៅត្រឹមតែ១,៦ភាគរយ ហើយបានបញ្ចុះការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់អាមេរិកនៅឆ្នាំ២០២៦ មកនៅត្រឹម១,៥ភាគរយ។

បច្ចុប្បន្ននេះ ប្រទេសកាន់តែច្រើនឡើងៗបានយល់ឃើញថា "អាមេរិកជាអាទិភាព" មានតែនឹងនាំមកនូវភាពរង្គោះរង្គើតែប៉ុណ្ណោះ ការឱនក្បាលចំពោះអនុត្តរភាពពន្ធគយ មានតែនឹងរងការសម្ពាធកាន់តែខ្លាំងឡើងៗទៅវិញ មានតែរួមសាមគ្គីគ្នា មានជំនឿចិត្តលើខ្លួន ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ទើបអាចគាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនបាន ហើយនឹងសម្រេចបាននូវការអភិវឌ្ឍរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន