(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចពិភាក្សាពាណិជ្ជកម្មជុំថ្មី ជាមួយចិន នឹងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស នាថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការប្រកាសនេះធ្វើឡើងមួយថ្ងៃ ក្រោយលោក ត្រាំ បានជួបសន្ទនាតាមទូរសព្ទជាមួយសមភាគីចិន លោក ស៉ី ជីនពីង ដើម្បីព្យាយាមបញ្ចប់សង្រ្គាមពន្ធរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ការពិភាក្សានៅទីក្រុងឡុងដ៍ នឹងក្លាយជាជុំទី២ នៃកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងចិន ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក បានធ្វើសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងឆ្នាំនេះ។ បើតាមលោក ត្រាំ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្រ្តីពាណិជ្ជកម្មលោក Howard Lutnik ហើយនិង​ប្រធានតំណាងពាណិជ្ជកម្ម លោក Jamieson Greer នឹងជួបជាមួយក្រុមមន្រ្តីចិន អំឡុងកិច្ចពិភាក្សានោះ។

កិច្ចពិភាក្សាលើកទី១រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៉ីស កាលពីខែឧសភា។ កាលពីខែមេសា រដ្ឋបាលលោក ត្រាំ បានដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីចិនរហូតដល់១៤៥ភាគរយ ខណៈចិនបានដំឡើងពន្ធ​សងសឹកវិញដល់១២៥ភាគរយ។ ក្រោយកិច្ចពិភាក្សានាពេលនោះ ភាគីទាំងពីរបានយល់ព្រមបន្ថយពន្ធជាបណ្តោះអាសន្ន ដោយពន្ធអាមេរិកលើទំនិញថយមកនៅត្រឹម៣០ភាគរយ ខណៈពន្ធចិនលើទំនិញអាមេរិកចុះមកនៅ១០ភាគរយ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណា ការព្រមព្រៀងខាងលើគឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដែលនឹងត្រូវផុតសុពលភាព នៅដើមខែសីហា ហើយកាលពីខែសប្តាហ៍មុននេះ លោក ត្រាំ ទើបតែបានចោទប្រកាន់ចិនថា រំលោភបំពានកិច្ចព្រមព្រៀង ដែលឆ្លុះបញ្ចាំងឱ្យឃើញ​នូវភាពខុសគ្នាស៉ីជម្រៅរវាងភាគីទាំងពីរ។ កិច្ចសន្ទនាតាមទូរសព្ទក្នុងសប្តាហ៍នេះ រវាងលោក ត្រាំ និងលោក ស៉ី ទំនងជាបើកផ្លូវ​សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មកម្រិតខ្ពស់បន្តបន្ទាប់ទៀត ប៉ុន្តែដំណោះស្រាយជាក់លាក់និងឆាប់រហ័សចំពោះបញ្ហាពន្ធ នៅតែបន្តស្រពេចស្រពិល៕