(មូស្គូ)៖ សេវាសន្តិសុខសហព័ន្ធរុស្ស៉ី (FSB) បានចោទប្រកាន់ចារកម្មអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថាបានប្រើប្រាស់អង្គការក្រុមប្រឹក្សាអង់គ្លេស (British Council) ជារបាំង ដើម្បីធ្វើឱ្យខូចខាតដល់រុស្ស៉ី និងបានកំណត់អត្តសញ្ញាណលើគ្រូបង្រៀន នៅតាមសាកលវិទ្យាល័យឈានមុខនានា ជុំវិញការសហការជាមួយអង្គការសប្បុរសធម៌ទីក្រុងឡុងដ៍មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ ២០២៥។
British Council ដែលហៅខ្លួនឯងថាជា «អង្គការអន្តរជាតិសម្រាប់ទំនាក់ទំនងវប្បធម៌ និងឱកាសអប់រំរបស់ចក្រភពអង់គ្លេស» បាននិយាយកាលពីឆ្នាំ ២០១៨ថា ខ្លួនត្រូវបានគេប្រាប់ឱ្យបញ្ឈប់ប្រតិបត្តិការក្នុងប្រទេសរុស្ស៉ី ដោយសារតែការចោទប្រកាន់ទាក់ទងនឹងចារកម្ម។
FSB បានឱ្យដឹងថា ខ្លួនកំណត់បានអត្តសញ្ញាណគ្រូបង្រៀន មកពីសាកលវិទ្យាល័យឈានមុខនានា នៅក្នុងតំបន់ចំនួន ៤របស់រុស្ស៉ី ដែលបានសហការជាមួយអង្គការក្រុមប្រឹក្សាអង់គ្លេស។ បើតាមការអះអាងរបស់រុស្ស៉ី អង្គការនេះត្រូវបានចារកម្មអង់គ្លេសប្រើប្រាស់ សម្រាប់ការប៉ុងប៉ងលុបបំបាត់អត្តសញ្ញាណរុស្ស៉ី និងបង្កើតជាបណ្តាញភ្នាក់ងារសកល។
ការស៉ើបអង្កេតរកឃើញថា មានគ្រូបង្រៀនជនជាតិរុស្ស៉ី សហការជាមួយភាគីអង់គ្លេស ធ្វើឱ្យខូចខាតដល់សន្តិសុខជាតិ។ ពលរដ្ឋរុស្ស៉ីចំនួន ១៥នាក់ ត្រូវបានហៅមកព្រមាន ជាមួយនិងការហាមប្រាមអង្គការក្រុមប្រឹក្សាអង់គ្លេស កុំឱ្យទាក់ទងមកពលរដ្ឋខ្លួន៕