(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងនូវទំនុកចិត្តថា សមាជិកនៅក្នុងអង្គការណាតូ (NATO) អាចបំពេញបានតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ ពីគោលដៅបច្ចុប្បន្ន ២ភាគរយ ឱ្យដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ ២០២៥។

នៅពេលទៅដល់ទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូ លោក Hegseth គូសបញ្ជាក់ថា «ដើម្បីក្លាយជាសម្ព័ន្ធមិត្តនឹងគ្នា យើងត្រូវមានអ្វីឱ្យលើស ពីគ្រាន់តែជាកិច្ចប្រជុំ។ ពេលនេះ គឺត្រូវបន្តការងារដែលលោកប្រធានាធិបតី ត្រាំ ចង់ឱ្យបាន នោះគឺការចំណាយលើវិស័យការពារជាតិ ៥ភាគរយ។ វាត្រូវតែមានការសម្រេចបាននៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងឡាអេ នាចុងខែនេះ»

យ៉ាងនេះក្តី បើតាមក្រុមអ្នកការទូត សម្ព័ន្ធមិត្តអឺរ៉ុបយល់ថា ទំហំនៃចំណាយលើវិស័យការពារជាតិ គឺជាការបញ្ជាក់អំពីបន្តប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខតំបន់។ ជុំវិញគម្រោងចំណាយរបស់សមាជិក ទំនងជានឹងបន្តត្រូវចរចារគ្នាហូតដល់ កិច្ចប្រជុំកំពូលរបស់អង្គការណាតូ៕