(សេអ៊ូល)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដំបូង នាថ្ងៃព្រហស្បតិ៍នេះ ដោយផ្តោតលើការបង្កើតកញ្ចប់ថវិកាសង្រ្គោះបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាប់គាំង និងជួយសង្រ្គោះប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ ២០២៥។
លោក Lee បានចូលកាន់តំណែងកាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិ។ នៅក្នុងការកត់សម្គាល់ខ្លីៗមកកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Lee បានប្រាប់គណៈរដ្ឋមន្ត្រីដែលសល់ពីរដ្ឋាភិបាលមុនថា គ្មានពេលវេលាសម្រាប់ខ្ជះខ្ជាយ ក្នុងការចូលធ្វើការទេ ខណៈប្រជាជនកំពុងប្រឈមមុខនឹងការលំបាក។ តាមអ្នកនាំពាក្យរបស់លោក Lee នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីភាគច្រើនត្រូវបានបញ្ជា ឱ្យត្រឡប់មកធ្វើការវិញ។
លោក Lee ចាត់ទុកការស្តារសេដ្ឋកិច្ចឡើងវិញ គឺជាអាទិភាពកំពូលមួយរបស់លោក ហើយប្តេជ្ញាបញ្ចេញថវិកាបន្ទាន់ យ៉ាងហោចណាស់ ២២ពាន់លានដុល្លារដើម្បីជំរុញកំណើន។ បេក្ខភាពនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Min-seok បាននិយាយថា «សព្វថ្ងៃ សេដ្ឋកិច្ចកំពុងដាំក្បាលចុះ និងនៅទ្រឹង ជាមូលហេតុដែលធ្វើឱ្យយើងរឹតតែពិបាក»។
ក្រុមអ្នកវិភាគយល់ឃើញថា លោក Lee ត្រូវប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យខ្លាចបំផុតមិនធ្លាប់មាន សម្រាប់មេដឹកនាំកូរ៉េខាងត្បូង ក្នុងរយៈពេលច្រើនទសវត្សរ៍ រាប់ចាប់តាំងពីការព្យាបាលភាពប្រេះស្រាំក្នុងប្រទេស រហូតដល់វិធានការមិនអាចព្យាករបាន របស់សហរដ្ឋអាមេរិក៕