(ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការចំណាយលើវិស័យថាមពលស្អាត ត្រូវបានគេរំពឹងថា អាចនឹងឈានដល់ចំនួន ៣.៣ទ្រីលានដុល្លារ ចេញពីការវិនិយោគថាមពលសកល ឆ្នាំ ២០២៥ ទោះបីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ ២០២៥។
IEA បានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា បច្ចេកវិទ្យាថាមពលស្អាត បច្ចេកវិទ្យាថាមពលកកើតឡើងវិញ នុយក្លេអ៊ែរ និងការស្តុកទុកថាមពល អាចទាក់ទាញការវិនិយោគចំនួន ២.២ទ្រីលានដុល្លារ។
រីឯថាមពលពន្លឺព្រះអាទិត្យ នឹងក្លាយជាប្រភពដែលត្រូវវិនិយោគខ្លាំងបំផុត ជាមួយនិងការព្យាករថាមានចំនួន ៤៥០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ខណៈការចំណាយលើការផលិតថ្មសាក នឹងកើនឡើងដល់ប្រហែល ៦៦ពាន់លានដុល្លារ។ ថ្មសាក ត្រូវបានគេមើលឃើញថា គឺជាមធ្យោបាយមួយ ដើម្បីរក្សាទុកថាមពលសម្រាប់ផ្គត់ផ្គង់ និងបញ្ចេញថាមពល អំឡុងពេលមានតម្រូវការ ប៉ុន្តែការវិនិយោគលើបច្ចេកវិទ្យានេះ នៅតែមានភាពយឺតយ៉ាវ ជាងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
ផ្ទុយទៅវិញ ការវិនិយោគលើប្រេង និងឧស្ម័ន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ដោយការរុករក និងផលិតនឹងធ្លាក់ចុះ ៦ភាគរយ នៅឆ្នាំ ២០២៥ ដោយសារតែតម្លៃប្រេងថោក និងការរំពឹងទុកនៃតម្រូវការ ក៏ដូចការធ្លាក់ចុះចាប់តាំងពីវិបត្តិកូវីដ១៩។ IEA ក៏បានព្រមានដែរថា ការវិនិយោគលើបណ្តាញអគ្គិសនី ក្នុងចំនួនត្រឹម ៤០០ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺទាបជាងការចំណាយលើការផលិត និងសមត្ថភាពផ្គត់ផ្គង់ ដែលអាចបង្កហានិភ័យដល់វិស័យថាមពលអគ្គិសនី។
លំនាំនៃការចំណាយ នៅតែមានលក្ខណៈមិនស្មើគ្នាទូទាំងពិភពលោក ដោយប្រទេសកំពុងអភិវឌ្ឍជាច្រើនជួបការលំបាក ក្នុងការប្រមូលដើមទុន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈដែលចិន គ្រប់គ្រងការវិនិយោគថាមពលស្អាតជាសកល ស្ទើរតែមួយភាគបីនៃចំនួនសរុប។
ប្រធានប្រតិបត្តិរបស់ IEA លោក Fatih Birol គូសបញ្ជាក់ថា «ទិដ្ឋភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលវិវត្តយ៉ាងលឿន បានន័យថា អ្នកវិនិយោគចំនួន កំពុងរង់ចាំមើលការអនុម័តគម្រោងថ្មីៗលើវិស័យថាមពល ប៉ុន្តែនៅក្នុងតំបន់ភាគច្រើន យើងមិនទាន់ឃើញមានលទ្ធផលធំដុំ ពីគម្រោងដែលមានស្រាប់នៅឡើយទេ»៕