(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថា យន្តហោះយោធារបស់រុស្ស៉ីសរុបប្រហែល២០គ្រឿង បានទទួលរងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ ហើយក្នុងចំណោមនោះ ខ្ទង់១០គ្រឿង ត្រូវបានបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។

តួលេខវាយតម្លៃរបស់ទីក្រុងវ៉ាស៉ីនតោន គឺតិចជាងពាក់កណ្តាលនៃតួលេខដែលបានប៉ាន់ស្មាន ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ទោះជាបែបនេះក្តី មន្រ្តីអាមេរិក២រូប ដែលបានបង្ហើបឱ្យដឹងដូចខាងលើ ចាត់ទុកថា ការវាយប្រហារនោះ គឺជាសកម្មភាពដ៏ធំមួយ ហើយមន្រ្តីអាមេរិកម្នាក់ក្នុងចំណោមនោះ បានព្រមានថា វាអាចនឹងរុញច្រានរុស្ស៉ីទៅរកគោលជំហរចរចា ដែលលែងសូវមានប្រៀប ក្នុងកិច្ចពិភាក្សាសំដៅរកទីបញ្ចប់សម្រាប់សង្រ្គាមរវាងភាគីទាំងពីរ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ទីក្រុងមូស្គូនឹងចាំបាច់ត្រូវតែឆ្លើយតបវិញ ចំពោះការវាយប្រហារដ្រូនរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ៊ុយក្រែន ខ្លួនបានប្រើយន្តហោះដ្រូនចំនួន១១៧គ្រឿង លាក់ក្នុងទូរកុងតឺន័រនៅក្បែរគោលដៅ វាយប្រហារលើមូលដ្ឋានទ័ពអាកាស៤កន្លែង ស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងប្រតិបត្តិការមួយហៅថា «សំណាញ់ពីងពាង»។ អ៊ុយក្រែនបានបញ្ចេញវិដេអូបង្ហាញឱ្យឃើញ ដ្រូនរបស់ខ្លួនវាយប្រហារចំយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់រុស្ស៉ី ព្រមទាំងយន្តហោះស៉ើបការណ៍យោធា A-50 ដែលរុស្ស៉ីមានមិនច្រើនគ្រឿងឡើយ។ លោក ហ្សេលេនស្គី បាននិយាយថា យន្តហោះរុស្ស៉ីសរុប៤១គ្រឿង ត្រូវបានវាយប្រហារអំឡុងប្រតិបត្តិការនោះ ហើយពាក់កណ្តាល បានរងការខូចខាតធ្ងន់ធ្ងរជួសជុលលែងកើត៕