(ព្រុចសែល)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ក្រុមរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសជាសមាជិកអង្គការ NATO នឹងជួបជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីជជែកអំពីរបៀបឆ្លើយតប ចំពោះការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបង្កើន​ការចំណាយកាន់តែខ្ពស់ក្នុងវិស័យការពារជាតិ ខណៈការពិភាក្សានេះកើតឡើង តិចជាង៣សប្តាហ៍មុនកិច្ចប្រជុំកំពូលរបស់ NATO នៅទីក្រុងឡាអេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកប្រធានាធិបតីអាមេរិក កន្លងមកបាននិយាយថា សម្ព័ន្ធមិត្តក្នុង NATO គួរតែបង្កើនការចំណាយក្នុងវិស័យការពារជាតិឱ្យដល់ ៥ភាគរយនៃ GDP របស់ពួកគេ លើសពីគោលដៅសព្វថ្ងៃ គឺត្រឹម២ភាគរយ។ បើតាមក្រុមអ្នកការទូត បណ្តាប្រទេស NATO នៅអឺរ៉ុប ដឹងច្បាស់ថា ការបង្កើនថវិកាការពារជាតិ គឺជាតម្លៃដើម្បីធានានូវការបន្តប្តេជ្ញារបស់អាមេរិក ចំពោះសន្តិសុខនៃទ្វីបនេះ ហើយទន្ទឹមគ្នា វាមានន័យថា នឹងអនុញ្ញាតឱ្យលោក ត្រាំ ប្រកាសជ័យជម្នះក្នុងការទាមទាររបស់លោក នៅអំឡុងកិច្ចប្រជុំកំពូល NATO ដែលគ្រោងធ្វើឡើង នាថ្ងៃទី២៤-២៥ ខែមិថុនា។

គួរបញ្ជាក់ថា សមាជិក NATO នៅបន្តខ្វែងគំនិតគ្នានៅឡើយ ជុំវិញពេលវេលាដើម្បីសម្រេចគោលដៅថ្មី នៃការបង្កើនការចំណាយ។ អគ្គលេខាធិការ NATO លោក Mark Rutte បានស្នើសម្រេចគោលដៅ៥ភាគរយនោះ នៅត្រឹមឆ្នាំ២០៣២ ជាកាលបរិច្ឆេទមួយ ដែលសមាជិកមួយចំនួនមើលឃើញថាយូរខ្លាំងពេក ខណៈខ្លះទៀតយល់ថា លឿនពេកនិងគ្មានភាពជាក់ស្តែង ដោយយោងទៅលើ​កម្រិតនៃការចំណាយ និងសមត្ថភាពផលិតរបស់ឧស្សាហកម្ម នាពេលបច្ចុប្បន្ន៕