(វ៉ាទីកង់)៖ កាលពីថ្ងៃពុធ ទី៤ ខែមិថុនា បុរីវ៉ាទីកង់បានឱ្យដឹងថា សម្តេចសង្ឃគ្រិស្តកាតូលិក ប៉ាប ឡេអូ បានមានបន្ទូលទទូចឱ្យរុស្ស៉ី បោះជំហានឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន នៅពេលដែលព្រះអង្គជួបសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បុរីវ៉ាទីកង់បាននិយាយថា «សម្តេចប៉ាបបានអំពាវនាវឱ្យរុស្ស៉ី បង្ហាញកាយវិការដែលអំណោយផលចំពោះសន្តិភាព ហើយព្រះអង្គបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសន្ទនា ដើម្បីឆ្ពោះទៅសម្រេចបានការទាក់ទង ប្រកបដោយភាពវិជ្ជមានរវាងភាគីជម្លោះ និងដើម្បី​ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ»។ បើតាមបុរីវ៉ាទីកង់ សម្តេចប៉ាប ឡេអូ ដែលជាសម្តេចប៉ាបដំបូងបំផុតមកពីសហរដ្ឋអាមេរិក បានសន្ទនាតាមទូរសព្ទជាមួយលោក ពូទីន កាលពីរសៀលថ្ងៃពុធ។

ចំណែកវិមានក្រឹមឡាំងបានឱ្យដឹងថា អំឡុងជំនួបតាមទូរសព្ទនោះ លោកប្រធានាធិបតីរុស្ស៉ី បានអរគុណសម្តេចប៉ាប ឡេអូ ដែល​ទើបឡើងកាន់តំណែងកាលពីជិត៤សប្តាហ៍មុន សម្រាប់កិច្ចប្រឹងប្រែងរបស់ព្រះអង្គ ក្នុងការជួយដោះស្រាយជម្លោះនៅអ៊ុយក្រែន ហើយលោក ពូទីន បានប្រាប់សម្តេចប៉ាបវិញថា អ៊ុយក្រែនមានបំណងចង់បង្កើនជម្លោះឱ្យកាន់តែក្តៅ។

គួរបញ្ជាក់ថា បើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ កន្លងមក សម្តេចប៉ាប ឡេអូ បានស្នើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងរុស្ស៉ីនិងអ៊ុយក្រែន នៅបុរីវ៉ាទីកង់។ យ៉ាងណាមិញ ក្រុមមន្រ្តីរុស្ស៉ីយល់ឃើញថា បុរីវ៉ាទីកង់មិនសមស្របជាកន្លែង សម្រាប់កិច្ចចរចាសន្តិភាពរវាងប្រទេសពីរ ដែលមានអ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox ភាគច្រើន នោះឡើយ៕