(ព្រុចសែល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហភាពអឺរ៉ុប (EU) បានប្រកាសពីគម្រោងនាំចូលវត្ថុធាតុដើម ចំនួន ១៣គម្រោង មកពីខាងក្រៅប្លុក ដើម្បីបង្កើនការផ្គត់ផ្គង់លោហធាតុ និងសារធាតុរ៉ែចាំបាច់ និងដើម្បីរក្សាការប្រកួតប្រជែង លើវិស័យថាមពលកកើតឡើងវិញ ក៏ដូចជាវិស័យការពារជាតិ និងអវកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ ២០២៥។
នៅក្នុងចំណោមគម្រោងថ្មីៗរបស់ EU ១០គម្រោងនឹងផ្តោតលើធាតុផ្សំសំខាន់ៗ សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី និងថ្ម។ ក្នុងនោះពីរគម្រោង មានទីតាំងក្នុងប្រទេសម៉ាឡាវី និងអាហ្វ្រិកខាងត្បូង។ រីឯគម្រោងផ្សេងទៀត មានទីតាំងនៅចក្រអង់គ្លេស កាណាដា កាហ្សាក់ស្ថាន ម៉ាដាហ្គាស្ការ ន័រវេស ស៊ែប៊ី អ៊ុយក្រែន ហ្សំប៊ី ប្រេស៉ីល Greenland និងដែនដីបារាំង New Caledonia។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីចិន នៅក្នុងខែមេសា សម្រេចទប់ស្កាត់ការនាំចេញវត្ថុធាតុម៉ាញេទិក ដែលជារ៉ែកម្រ រហូតដល់មានអាជ្ញាប័ណ្ណថ្មី។ ការណ៍នេះធ្វើឱ្យអ្នកការទូត ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្សេងទៀតមកពីអឺរ៉ុប និងកន្លែងផ្សេងទៀត ស្វែងរកកិច្ចប្រជុំជាមួយមន្ត្រីប៉េកាំង និងទប់ស្កាត់ការបិទរោងចក្រ។ ប្រធានគណៈកម្មការឧស្សាហកម្មនៃ EU លោក Stephane Sejourne បានប្រាប់អ្នកយកព័ត៌មានថា «យើងត្រូវតែកាត់បន្ថយ ការពឹងផ្អែកលើប្រទេសទាំងអស់ ពិសេសលើប្រទេសមួយចំនួន ដូចជាចិន... ការហាមឃាត់ការនាំចេញ នឹងបង្កើនឆន្ទៈរបស់យើងលើការធ្វើពិពិធកម្ម»។
គួរបញ្ជាក់ថា ចិន រួមចំណែកជាង ៩០ភាគរយនៃសមត្ថភាពកែច្នៃជាសកល សម្រាប់ប្រើប្រាស់ក្នុងអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីរថយន្ត យន្តហោះចម្បាំង រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ចិន ក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃធាតុចូលជាច្រើន នៅក្នុងថាមពលកកើតឡើងវិញផងដែរ ពិសេសសារធាតុរ៉ែកម្រ ថ្មអគ្គិសនី និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលជាការរួមចំណែកមួយ ត្រូវបានទីក្រុងព្រុចសែល ចង់ធ្វើការផ្លាស់ប្តូរ៕