(ប៉េកាំង)៖ ក្រសួងការ​បរទេសចិន​បានឱ្យដឹងថា ចិនបាន​ដាក់​ចេញ​នូវ​ទិដ្ឋាការ​ចូលមកក្នុងប្រទេសបានច្រើនលើក​ (multiple-entry visa) សម្រាប់​បណ្តា​ធុរជនមក​ពី​ប្រទេស​ទាំង ១០នៃសមាគម​ប្រជាជាតិ​អាស៉ីអាគ្នេយ៍ (ASEAN) និង​សម្រាប់សមាជិកអង្កេតការណ៍​របស់អាស៊ាន គឺទីម័រឡេស្តេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ ២០២៥។

អាស៊ាន មានដូចជា កម្ពុជា ម៉ាឡេស៉ី សិង្ហបុរី ឥណ្ឌូណេស៉ី ព្រុយណេ ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងឡាវ។ អ្នកដំណើរដែលទទួលបានសិទ្ធិ មកពីប្រទេសអាស៉ីអាគ្នេយ៍ទាំង ១១ ដែលត្រូវមកកាន់ប្រទេសចិន ក្នុងគោលបំណងអាជីវកម្ម រួមជាមួយប្តីឬប្រពន្ធ និងកូនរបស់ពួកគេ នឹងត្រូវបានផ្តល់ជូន «ទិដ្ឋាការអាស៊ាន»។ ទិដ្ឋាការនេះ អនុញ្ញាតឱ្យចូលមកប្រទេសចិនច្រើនលើក ក្នុងរយៈពេល ៥ឆ្នាំ ដោយមានរយៈពេលស្នាក់នៅរហូតដល់ ១៨០ថ្ងៃ។

គួរបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរពិភពលោកកាន់តែច្រើន ចិនបានបង្កើនការរៀបចំការធ្វើដំណើរ ដោយគ្មានទិដ្ឋាការ ជាមួយប្រទេសជាច្រើន។ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ចិនបានទទួលភ្ញៀវបរទេសជាង ៩លាននាក់ កើនឡើងជាង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕