(សេអ៊ូល)៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ក្រុមហ៊ុនផលិតយន្តហោះកូរ៉េខាងត្បូង Korea Aerospace Industries (KAI) បានឱ្យដឹងថា ហ្វីលីពីនបានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង FA-50 ចំនួន១២គ្រឿងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមហ៊ុន KAI បាននិយាយថា កិច្ចព្រមព្រៀងខាងលើ ជាមួយក្រសួងការពារជាតិហ្វីលីពីន មានទំហំទឹកប្រាក់ចំនួន៧០០លានដុល្លារ ហើយដំណើរការប្រគល់យន្តហោះចម្បាំងទាំងនោះ ត្រូវបានរំពឹងថា នឹងអាចចប់រួចរាល់នៅត្រឹមឆ្នាំ២០៣០។ ខាងហ្វីលីពីនមិនទាន់ប្រកាសអំពីដំណឹងនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ។ កាលពីឆ្នាំ២០១៤ ទីក្រុងម៉ានីល ក៏ធ្លាប់បានទិញ យន្តហោះ FA-50 ដែលជាយន្តហោះចម្បាំងធុនស្រាល ចំនួន១២គ្រឿងផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា យន្តហោះចម្បាំង FA-50 ១គ្រឿងរបស់ហ្វីលីពីន បានបាត់ខ្លួន អំឡុងពេលបំពេញបេសកកម្ម ប្រឆាំងក្រុមឧទ្ទាម នៅតំបន់ភ្នំនៃកោះ Mindanao ភាគខាងត្បូងប្រទេស។ មួយថ្ងៃក្រោយមក ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញយន្តហោះដែលធ្លាក់នោះ រួមជាមួយសាកសពពីឡុត២នាក់៕