(សេអ៊ូល)៖ ស្ថានីយទូរទស្សន៍ក្នុងស្រុក JTBC និងស្ថានីយទូរទស្សន៍ធំៗចំនួនបីផ្សេងទៀតរបស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារថា លោក លី ចែម្យុង (Lee Jae-myung) បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់សំលេងភាគច្រើនរបស់កូរ៉េខាងត្បូង ត្រូវគេរំពឹងយ៉ាងមុតមាំថា នឹងជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។

គិតត្រឹមការរាប់សន្លឹកឆ្នោតបាន ៤០ភាគរយ នៅម៉ោង ១១:៤១នាទីយប់ (ម៉ោងក្នុងស្រុក) លោក លី ទទួលបានសំឡេងគាំទ្រ ៤៨.៨៩ភាគរយ ខណៈគូប្រជែងដ៏សំខាន់របស់លោក គឺលោក គីម មូនស៊ូ (Kim Moon-soo) មកពីគណបក្សអំណាចប្រជាជន ដែលជាគណបក្សអភិរក្សនិយម ទទួលបាន ៤២.៧៨ភាគរយ។ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតជាតិ។

លោក លី ក៏បានថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកគាំទ្ររបស់លោក មុនពេលលោកធ្វើដំណើរទៅកាន់វិមានរដ្ឋសភា កាលពីយប់ថ្ងៃអង្គារផងដែរ៕