(អ៊ូឡង់បាទ័រ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី លោក Luvsannamsrai Oyun-Erdene បានលាលែងពីតំណែង បន្ទាប់ពីបាត់បង់ការគាំទ្រនៅក្នុងសភា ក្រោយផ្ទុះរឿងអាស្រូវអំពើពុករលួយ ដែលបង្កឱ្យមានបាតុកម្មតាមដងផ្លូវ កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។

ដំណឹងលាលែងពីតំណែងរបស់លោក Oyun-Erdene ត្រូវបានប្រកាសដោយសភាម៉ុងហ្គោលី។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា រូបលោកពិតជាមានកិត្តិយសណាស់ ដែលបានបម្រើប្រទេសនិងប្រជាជនរបស់លោក ក្នុងពេលវេលាដ៏លំបាកៗ។ លោក Oyun-Erdene ដែលមានតួនាទីជានាយករដ្ឋមន្រ្តី ចាប់តាំងពីឆ្នាំ២០២១ ហើយជាប់ឆ្នោតម្តងទៀត កាលពីឆ្នាំ២០២៤ នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់មានការតែងតាំងអ្នកឡើងជំនួស នៅក្នុងរយៈពេល៣០ថ្ងៃ។

គួរបញ្ជាក់ថា ស្ថានការណ៍វិវត្តន៍នេះ គឺបន្ទាប់ពីប្រជាជនម៉ុងហ្គោលី កាលពីខែឧសភាកន្លងទៅ បាននាំគ្នាធ្វើបាតុកម្មតវ៉ាអស់ជាច្រើនសប្តាហ៍ នៅក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ក្រោយមានការចោទប្រកាន់អំពើពុករលួយ ពាក់ព័ន្ធលោក Oyun-Erdene និងគ្រួសាររបស់លោក៕