(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានសម្តែងសុទិដ្ឋិនិយមថា ឆាប់ៗនេះ នឹងមានកិច្ចព្រមព្រៀងពាណិជកម្មជាមួយឥណ្ឌា ដើម្បីចៀសវាងពន្ធគយដែលដាក់ចេញដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ ២០២៥។
លោក Lutnick បានប្រាប់វេទិកាភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-ឥណ្ឌា ដូច្នេះថា «សូមរំពឹងទុកចុះ ថានឹងមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ក្នុងពេលអនាគតដ៏ខ្លី»។ លោកបន្ថែមថា «ការចរចារពន្ធជាមួយឥណ្ឌា មកដល់កម្រិតមួយដែលសមរម្យ ដូច្នេះយើងអាចក្លាយជាដៃគូពាណិជ្ជកម្មដ៏អស្ចារ្យ ជាមួយគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា លោក ត្រាំ បានកំណត់កាលបរិច្ឆេទពន្យារពេល នៅថ្ងៃទី៩ ខែកក្កដា សម្រាប់ប្រទេសនានា ដើម្បីចៀសវាងការយកពន្ធគយ តាមរយៈការចូលខ្លួនមកចរចាជាមួយសហរដ្ឋអាមេរិក។ ពន្ធគយនេះ បានអង្រួនសេដ្ឋកិច្ចពិភពលោក គ្រាដែរលោក ត្រាំ និយាយថា ធ្វើឡើងដើម្បីកែតម្រូវភាពអយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក៕