(ប៉ាណាម៉ា)៖ អាជ្ញាធរដែនសមុទ្រប៉ាណាម៉ា បានឱ្យដឹងថា នាវាជាង ៦៥០គ្រឿងត្រូវបានលុបចេញពីការចុះបញ្ជីរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៩មក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបំពេញការអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងពង្រឹងច្បាប់តឹងរ៉ឹងចំពោះនាវា ដែលមានដោតទង់ជាតិប៉ាណាម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ ២០២៥។

នៅឆ្នាំ ២០១៩ ប៉ាណាម៉ាបានចុះកិច្ចព្រមព្រៀងប្រើប្រាស់ទង់ជាតិ ជាមួយប្រទេសផ្សេងៗ រួមទាំង លីបេរីយ៉ា និង Marshall Islands ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីនាវាដែលត្រូវលុបចេញពីបញ្ជី ឬបដិសេធដោយសារតែការបំពានទណ្ឌកម្មណាមួយ។ នាវាទាំងអស់ មិនអាចបើកបរនៅក្រោមទង់ជាតិប៉ាណាម៉ាបានទេ នៅពេលត្រូវបានលុបចេញពីការចុះបញ្ជី។ ប៉ាណាម៉ា ក៏បានចាប់ផ្តើមអនុវត្តវិធានការប្រឆាំង នឹងនាវាដែលបិទឧបករណ៍ទាក់ទងដោយចេតនា ដើម្បីចៀសវាងការតាមដានផងដែរ។ កាលពីឆ្នាំមុន នាវាសរុប ២១៤គ្រឿង ត្រូវបានលុបចេញពីការចុះបញ្ជីរបស់ប៉ាណាម៉ា ដែលអនុញ្ញាតឱ្យអាជ្ញាធរដែនសមុទ្រ ធ្វើសកម្មភាពពង្រឹងការដាក់ទណ្ឌកម្មបានលឿនជាងមុន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ បាន​បង្កើន​សម្ពាធ​លើ​ប្រទេស ​ដែល​មាន​ការចុះ​បញ្ជី​នាវាក្នុងចំនួនច្រើន​ ដើម្បី​ជួយ​ដល់ដំណើការអនុវត្ត​ទណ្ឌកម្ម ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់សកម្មភាពដឹកប្រេងលាក់កំបាំង ជាមួយនិងការគំរាមកាន់កាប់ព្រែកជីកប៉ាណាម៉ាឡើងវិញ។

អង្គការមិនមែនរដ្ឋាភិបាលមួយ ហៅកាត់ថា UANI កាលពីសប្តាហ៍មុន បានចោទប្រកាន់ថា ប៉ាណាម៉ាមិនបានចាត់វិធានការគ្រប់គ្រាន់ ប្រឆាំងនឹងអ្នករំលោភលើការដាក់ទណ្ឌកម្ម និងបានស្នើសុំឱ្យប៉ាណាម៉ាបញ្ឈប់ជាបន្ទាន់ នូវការសម្របសម្រួលពាណិជ្ជកម្មប្រេងខុសច្បាប់របស់អ៉ីរ៉ង់ ហើយដកទង់ជាតិរបស់ខ្លួនចេញពីនាវាទាំងអស់ដែលដឹកប្រេងអ៉ីរ៉ង់។ ​តាម UANI នាវា​​មួយ​ក្នុង​ចំណោម​ ៥​គ្រឿង​ ដែល​គេ​សង្ស័យ​ថា​បាន​ដឹក​ជញ្ជូន​ប្រេង​អ៉ីរ៉ង់ គឺជ្រកក្រោមស្លាក​ទង់ជាតិ​ប៉ាណាម៉ា៕