(ញូវដែលី)៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៤នាក់បានស្លាប់ នៅឯតំបន់ភាគឦសានប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរបណ្តាលឱ្យមានការបាក់ដី ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ គ្រាដែរនាយកដ្ឋានឧតុនិយម ព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ ២០២៥។

រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា អ្នកទេសចរជាងមួយពាន់នាក់ ដែលជាប់គាំងនៅតំបន់នៃរដ្ឋ Sikkim ត្រូវបានជម្លៀសចេញហើយនៅថ្ងៃចន្ទនេះ រីឯ​ក្រុម​សង្គ្រោះ​របស់​កងទ័ព​ ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋ Meghalaya ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ជាង ៥០០នាក់​ ដែល​ជាប់​គាំង​ក្នុង​តំបន់​លិចទឹក​។ អាជ្ញាធរ​បាន​ព្រមាន​ពី​ការ​បាក់​ដី​បន្ថែម​ទៀត និង​ទឹកជំនន់​ភ្លាមៗ ដោយ​ជំរុញ​ឱ្យ​អ្នក​ស្រុក​ក្នុង​តំបន់​ងាយ​រងគ្រោះ​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ក្រៅពីឥណ្ឌា បង់ក្លាដែសដែលជាប្រទេសជិតខាង ក៏កំពុងរងគ្រោះដោយការបាក់ដី នៅស្រុក Sylhet ភាគឦសាន បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ផងដែរ។ ជារៀងរាល់ឆ្នាំ ភាគឦសានឥណ្ឌា និងបង់ក្លាដែស ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង បង្កជាការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ប៉ះពាល់ដល់មនុស្សរាប់លាននាក់៕