(មូស្គូ)៖ នៅថ្ងៃចន្ទ ទី២ ខែមិថុនា ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន១៦២គ្រឿង ត្រូវបានបាញ់ស្ទាក់ កាលពីវេលាយប់កន្លងទៅនេះ ស្របពេលដែលទីក្រុងមូស្គូនិងទីក្រុងកៀវ ត្រូវជួបចរចាគ្នាផ្ទាល់ក្នុងជុំទី២ នៅឯប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្ទាក់និងកម្ទេចដ្រូនអ៊ុយក្រែន ១៦២គ្រឿង កាលពីចន្លោះម៉ោង១២យប់រំលងអធ្រាត្រ និងម៉ោង៦ព្រឹក។ យន្តហោះដ្រូនទាំងនោះ ភាគច្រើនត្រូវបានបាញ់ទម្លាក់ នៅលើតំបន់ជាប់ព្រំប្រទល់អ៊ុយក្រែន ក្នុងនោះ៥៧គ្រឿងនៅ Kursk និង៣១គ្រឿងនៅ Belgorod។

គួរបញ្ជាក់ថា ការវាយប្រហារនេះ កើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន ត្រូវជួបអង្គុយចរចាគ្នាជាថ្មីម្តងទៀត នៅទីក្រុងអ៉ីស្តង់ប៊ូល ដែលជាកិច្ចចរចាដោយផ្ទាល់ជុំទី២ រវាងភាគីទាំងពីរ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យ ទីក្រុងកៀវបានអះអាងថា ខ្លួនបានធ្វើសកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំមួយ ដោយប្រើដ្រូនលើ​មូលដ្ឋានទ័ពអាកាសជាច្រើនកន្លែង ដែលស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ដោយមានគោលដៅ ចំពោះយន្តហោះទម្លាក់គ្រាប់បែក ដែលចតទុកនៅតាមមូលដ្ឋានទាំងនោះ៕