(ព្យុងយ៉ាង)៖ នៅថ្ងៃចន្ទ ទី២ ខែមិថុនា កូរ៉េខាងជើង បាននិយាយការពារកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយរុស្ស៉ីថា ទំនាក់ទំនងនេះ មានគោលដៅធានាសន្តិភាពនិងស្ថិរភាព ទាំងនៅតំបន់អឺរ៉ុបនិងនៅតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរឹតបន្តឹងកិច្ចសហប្រតិបត្តិការយោធា ដោយទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់អាវុធនិងកងទ័ព ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមឃ្លាំមើលទណ្ឌកម្មលើកូរ៉េខាងជើង ដែលរួមមានកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន និងប្រទេស៨ផ្សេងទៀត បានរួមគ្នាថ្កោលទោសចំណងទាក់ទងយោធា រវាងកូរ៉េខាងជើងនិងរុស្ស៉ី ថាជាទំនាក់ទំនងខុសច្បាប់។

គួរបញ្ជាក់ថា ជាការឆ្លើយតប ទីក្រុងព្យុងយ៉ាង បាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយទីក្រុងមូស្គូ គឺមានគោលដៅ ការពារអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសទាំងពីរ ព្រមទាំងដើម្បីធានាសន្តិភាពនិងស្ថិរភាព នៅទូទាំងតំបន់អឺរ៉ាស៉ី។ ទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ បាននិយាយថា ពួកគេអាចបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលឈរលើការគោរពដោយពិតប្រាកដ ចំពោះអធិបតេយ្យ សមភាព និងយុត្តិធម៌៕