(ទីក្រុងម៉ូស្គូ)៖ មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទុះនៅក្នុងតំបន់ពីរផ្សេងគ្នារបស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥។

ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។

អ្នកស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា ស្ពានអាកាសឆ្លងកាត់ផ្លូវរថភ្លើងមួយកន្លែងក្នុងតំបន់ Bryansk ត្រូវបានបំផ្ទុះនៅម៉ោង ១០:៥០នាទីយប់កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលរថភ្លើងដឹកអ្នកដំណើរចំនួន ៣៨៨នាក់ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ កំពុងឆ្លងកាត់ខាងក្រោម។ ប្រមាណតែបួនម៉ោងក្រោយមក ស្ពានផ្លូវរថភ្លើងមួយទៀតដែលឆ្លងកាត់លើផ្លូវហាយវ៉េ ត្រូវបានបំផ្ទុះនៅក្នុងតំបន់ Kursk ដែលនៅជិតខាង។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលទទួលបន្ទុកស៊ើបអង្កេតលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បានភ្ជាប់ទំនាក់ទំនងឧបទ្ទវហេតុទាំងពីរនេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ស្ពានទាំងពីរត្រូវបានបំផ្ទុះដោយចេតនា។

នៅតំបន់ Bryansk រូបភាព និងវីដេអូដែលចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញពីអ្នកដំណើរដែលកំពុងព្យាយាមឡើងចេញពីទូរថភ្លើងដែលរងការខូចខាតនៅក្នុងភាពងងឹត។ ផ្នែកមួយនៃរថភ្លើងដឹកអ្នកដំណើរ ត្រូវបានគេឃើញក្រឡាប់នៅក្រោមស្ពានដែលបាក់រលំ ហើយទូរថភ្លើងដែលខូចខាតបានគងនៅក្បែរផ្លូវដែក។

លោក Alexander Bogomaz អភិបាលតំបន់ Bryansk បានប្រាប់ទូរទស្សន៍រុស្ស៊ីថា «ស្ពាននេះត្រូវបានបំផ្ទុះ ខណៈពេលដែលរថភ្លើងខ្សែ Klimovo-Moscow កំពុងឆ្លងកាត់ជាមួយអ្នកដំណើរចំនួន ៣៨៨នាក់»

តំបន់របស់រុស្ស៊ីដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន តែងតែរងការវាយប្រហារជាញឹកញាប់ពីសំណាក់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានកំណត់គោលដៅលើជនស៊ីវិល។ ទន្ទឹមនេះ ទីភ្នាក់ងារចារកម្មអ៊ុយក្រែន នៅថ្ងៃអាទិត្យក៏បានរាយការណ៍ពីការផ្ទុះរថភ្លើងយោធារុស្ស៊ីនៅតំបន់ Zaporizhzhia ដែលរុស្ស៊ីកាន់កាប់ ប៉ុន្តែមិនបានអះអាងទទួលខុសត្រូវទេ៕