(សេអ៊ូល)៖ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅប្រទេសកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារសប្តាហ៍ក្រោយ មានការលេចឡើងយ៉ាងព្រោងព្រាត នូវការអះអាងមិនពិតលើប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ព័ត៌មានក្លែងក្លាយទាំងនោះ រួមមានដូចជាការអះអាងថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាជនកូរ៉េខាងត្បូង នៅឯក្រៅប្រទេស មានចំណុចខ្សោយ ដែលអាចឱ្យជនបរទេរស បន្លំបោះឆ្នោតជំនួសបាន។ មេដឹកនាំបក្សប្រឆាំង និងជាបេក្ខជនកំពុងនាំមុខគេ គឺលោក Lee Jae-Myung បានក្លាយជាគោលដៅចម្បងនៃការបំភ្លៃព័ត៌មាន ដោយមានការអះអាងមិនពិតជាច្រើនអំពីរូបលោក។

ទន្ទឹមគ្នា មានការអះអាងថា សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រជាសាធារណៈ ចំពោះបេក្ខជនពុំសូវមានប្រជាប្រិយភាព ដែលជារឿងមិនពិត។ ក្រៅពីនេះ ការអះអាងដទៃទៀត បានព្យាយាមចង់បង្កើតការយល់ខុស អំពីលទ្ធផលស្ទង់មតិមុនការបោះឆ្នោត ដែលកន្លងមក បានបង្ហាញថា លោក Lee មាន​ការនាំមុខគេជាប់រហូត និងក្នុងគម្លាតឆ្ងាយថែមទៀត លើគូប្រជែងរបស់លោក មកពីក្រុមអភិរក្សនិយម។ ​

ព័ត៌មានក្លែងក្លាយទាំងអស់នេះ ត្រូវបានបង្កើតឡើងតាមវិធីសាស្រ្តផ្សេងៗ រួមមានដូចជាការកាត់តរូបភាព និងការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឬ AI ជាដើម។ អ្នកជំនាញមកពីសកលវិទ្យាល័យ Sangji របស់កូរ៉េខាងត្បូង បាននិយាយថា ការបំភ្លៃព័ត៌មានជាពិសេសជំរុញដោយ AI បង្កការគំរាមកំហែងធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យ ដ្បិតវាធ្វើឱ្យអ្នកបោះឆ្នោត ពិបាកទទួលបាន​ព័ត៌មានដែលគួរឱ្យជឿជាក់។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៣ ខែមិថុនា គឺជាការបោះឆ្នោតមុនអាណត្តិ ដើម្បីជ្រើសរើសមេដឹកនាំថ្មីមកជំនួស អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង កាលពីខែមេសាកន្លងទៅ ដោយសារការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក៕