(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ថា ខ្លួននៅតែរង់ចាំការឆ្លើយតបពីអ៊ុយក្រែន ចំពោះសំណើរបស់រុស្ស៊ីក្នុងការរៀបចំកិច្ចចរចាសន្តិភាពជុំបន្ទាប់នៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃទី២ ខែមិថុនា ដើម្បីចាប់ផ្តើមការពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីបានស្នើជុំថ្មីនៃកិច្ចចរចាដោយផ្ទាល់នេះកាលពីថ្ងៃពុធ ដោយមានគោលបំណងបង្ហាញអ៊ុយក្រែននូវអនុស្សរណៈមួយ ដែលបង្ហាញពី «ធាតុសំខាន់ៗ» សម្រាប់ «ការយកឈ្នះលើមូលហេតុដើម» នៃជម្លោះ។ លោក Peskov បានច្រានចោលសំណើរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលចង់ឲ្យរុស្ស៊ីប្រគល់អនុស្សរណៈនោះភ្លាមៗ ថាជា «ការមិនស្ថាបនា» ហើយថា អ៊ុយក្រែនត្រូវតែ "បញ្ជាក់ការត្រៀមខ្លួនដើម្បីបន្តការចរចា ឬធ្វើផ្ទុយពីនេះ"។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយថា ទីក្រុងកៀវបានដាក់អនុស្សរណៈរបស់ខ្លួនស្តីពីដំណោះស្រាយរួចហើយ ហើយបានអំពាវនាវឲ្យរុស្ស៊ីបង្ហាញកំណែរបស់ខ្លួនជាបន្ទាន់ ជាជាងរង់ចាំដល់សប្តាហ៍ក្រោយ។

កិច្ចពិភាក្សាដោយផ្ទាល់រវាងភាគីទាំងពីរ កាលពីថ្ងៃទី១៦ ខែឧសភា បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលទីក្រុងមូស្គូបាននិយាយថា មិនអាចសម្រេចបានទេ មុនពេលលក្ខខណ្ឌមួយចំនួនរបស់ខ្លួនត្រូវបានបំពេញ។

គួរបញ្ជាក់ថា ការឆ្លើយឆ្លងគ្នានេះ បង្ហាញពីភាពខុសគ្នាផ្នែកនីតិវិធី និងការមិនទុកចិត្តគ្នារវាងភាគីទាំងពីរ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចាប្រកបដោយអត្ថន័យ នៅតែបន្តប្រឈមនឹងឧបសគ្គ៕