(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា អ៉ីស្រាអែលបានប្រកាសថា ខ្លួននឹងបង្កើតកន្លែងតាំងទីលំនៅថ្មីចំនួន២២ទៀត ក្នុងតំបន់ West Bank បើទោះបីត្រូវច្បាប់អន្តរជាតិចាត់ទុកជា ទង្វើខុសច្បាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទល់នឹងពេលនេះ អ៉ីស្រាអែលបានសាងសង់កន្លែងតាំងទីលំនៅសរុបជាង១០០កន្លែងមកហើយ នៅពាសពេញតំបន់ West Bank ហើយមានអ្នកតាំងលំនៅអ៉ីស្រាអែលសរុបប្រមាណ៥០០ ០០០នាក់ កំពុងរស់នៅ។ កន្លែងតាំងទីលំនៅទាំងនេះ រួមមានចាប់តាំងពី​សំណង់តូចៗ នៅតាមជម្រាលភ្នំ រហូតដល់សហគមន៍ដែលអភិវឌ្ឍពេញលេញ គឺរួមមាននូវប្លុកអគារស្នាក់នៅ ហាងលក់ទំនិញ រោងចក្រ និងសួនសាធារណៈ។

West Bank ជាកន្លែងជ្រកកោនរបស់ជនជាតិប៉ាឡេស្ទីនសរុប៣លាននាក់ ដែលរស់នៅក្រោមការត្រួតត្រារបស់អ៉ីស្រាអែល ហើយអាជ្ញាធរប៉ាឡេស្ទីន ហៅថា Palestinian Authority ដែលគាំទ្រដោយលោកខាងលិច ជាអ្នកមើលការខុសត្រូវលើពួកគេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺតាំងពីមុនសង្រ្គាមហ្កាហ្សាទៅទៀត អ៉ីស្រាអែលបានប្រឹងប្រែងពន្លឿន ការសង់ទីលំនៅរបស់ខ្លួន ជាហេតុនាំឱ្យជនជាតិប៉ាឡេស្ទីន មានតំបន់រស់នៅកាន់តែរួមតូចទៅៗ នៅ West Bank ហើយធ្វើឱ្យក្តីស្រមៃនៃការបង្កើតប្រទេសឯករាជ្យពេញលេញរបស់ពួកគេ កាន់តែឃ្លាតឆ្ងាយ ផងដែរ។

គួរបញ្ជាក់ថា កសាងសង់ទីលំនៅរបស់អ៉ីស្រាអែល ក្នុងតំបន់ West Bank ត្រូវបានអង្គការសហប្រជាជាតិ (UN) ថ្កោលទោសជា ឧបសគ្គចម្បងមួយ សម្រាប់ការឆ្ពោះទៅរក សន្តិភាពយូរអង្វែងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ការប្រកាសខាងលើរបស់អ៉ីស្រាអែល កើតមានឡើងនៅមុន សន្និសីទអន្តរជាតិមួយ ដែលនឹងត្រូវដឹកនាំដោយបារាំងនិងអារ៉ាប៊ីសាអូឌីត នៅទីស្នាក់ការ UN ក្នុងទីក្រុងញូវយ៉កនាខែក្រោយនេះ ដែលសំដៅគាស់ឡើងវិញនូវ គំនិតនៃដំណោះស្រាយរដ្ឋ២ សម្រាប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន៕