(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ចិនបានទទូចឱ្យសហរដ្ឋអាមេរិក លុបចោលទាំងស្រុង នូវវិធានការដំឡើងពន្ធឯកតោភាគីដ៏ខុសឆ្គងរបស់ខ្លួន បន្ទាប់ពីតុលាការសហព័ន្ធនៅអាមេរិក បានរាំងខ្ទប់មិនឱ្យការដំឡើងពន្ធខ្ពស់ភាគច្រើនរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃប្រទេសចិន បានលើកឡើងដូច្នេះថា «ចិនទទូចឱ្យសហរដ្ឋអាមេរិក ស្តាប់តាមសំឡេងប្រកបដោយហេតុផល ពីសំណាក់សហគមន៍អន្តរជាតិ ក៏ដូចជាពីសំណាក់ប្រជាជនខ្លួននៅក្នុងប្រទេសផ្ទាល់ ហើយលុបចោលទាំងស្រុងទៅវិញ នូវចំណាត់ការដំឡើងពន្ធឯកតោភាគីដ៏ខុសឆ្គង»។ បន្ទាប់ពីត្រូវបានតុលាការព្យាយាមរាំងខ្ទប់ វិធានការដំឡើងពន្ធរបស់ខ្លួន រដ្ឋបាលលោក ត្រាំ ក៏បានប្តឹងជំទាស់ការសម្រេចចិត្តរបស់តុលាការ។

គួរបញ្ជាក់ថា ដោយសារតែសង្រ្គាមពន្ធរបស់លោក ត្រាំ អាមេរិកនិងចិនបានដំឡើងពន្ធគយដាក់គ្នាទៅវិញទៅមកយ៉ាងខ្ពស់ ប៉ុន្តែក្រោយមក មហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏បានចរចាគ្នា ហើយឈានដល់ការព្រមព្រៀងទម្លាក់ពន្ធចុះមកវិញជាបណ្តោះអាសន្ន។ អាមេរិកបានយល់ព្រម​បន្ថយពន្ធលើទំនិញចិន ពី១៤៥ភាគរយ មកនៅត្រឹម៣០ភាគរយ សម្រាប់រយៈពេល៩០ថ្ងៃ ខណៈចិនបានបន្ថយពន្ធលើទំនិញអាមេរិក ពី១២៥ភាគរយ មកនៅត្រឹម១០ភាគរយ សម្រាប់រយៈពេលដូចគ្នា។ មិនតែប៉ុណ្ណោះ ប្រទេសជាច្រើនផ្សេងទៀត ក៏ប្រឈមមុខការដំឡើងពន្ធខ្ពស់​ពីសហរដ្ឋអាមេរិកដែរ ប៉ុន្តែចំណាត់ការទាំងនោះ កំពុងស្ថិតក្រោមការពន្យារពេលបណ្តោះអាសន្នដូចគ្នា៕