(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធសប្តាហ៍នេះ អំពីការរៀបចំសំណើជាក់លាក់ សម្រាប់ជុំថ្មីនៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥។

តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសរុស្ស៉ី លោក Lavrov បានប្រាប់ លោក Rubio អំពីការអនុវត្តការព្រមព្រៀងគ្នា រវាងប្រធានាធិបតីរុស្ស៉ី និងប្រធានាធិបតីអាមេរិក អំឡុងជំនួបតាមទូរស័ព្ទកាលពេលកន្លងទៅ។ លោក Lavrov បាននិយាយថា រុស្ស៉ី កំពុងស្នើឱ្យមានកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ជុំបន្ទាប់ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ នៅថ្ងៃទី២ ខែមិថុនា ក្នុងគោលបំណងសម្រេចបាននូវដំណោះស្រាយសន្តិភាព ប្រកបដោយនិរន្តភាព។

ក្រោយប្រកាសពីជំនួបនៃ លោក Lavrov និងលោក Rubio ក្រសួងការបរទេសរុស្ស៉ី ក៏បានជូនដំណឹងថា លោក Lavrov បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan ផងដែរ ដោយមានការផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន៕