(វ៉ាស៊ីនតោន)៖ ប្រធានក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla លោក Elon Musk បានចុះចេញពីតំណែងជាទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបន្ទុកជាប្រធាន អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Monde។

ការគាំងដំណើរការទ្រង់ទ្រាយធំមួយបានកើតឡើងលើបណ្ដាញទំនាក់ទំនសង្គម X កាលពីថ្ងៃសៅរ៍ ទី២៤ ខែឧសភា ហើយក្នុងថ្ងៃដដែលនោះដែរ លោក Elon Musk បានដើរចេញជាផ្លូវការពីអង្គភាព DOGE ដែលរូបលោកបានដឹកនាំចាប់តាំងពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២៥។ «ត្រឡប់ទៅចំណាយពេល២៤ម៉ោងក្នុងមួយសប្ដាហ៍ នៅឯកន្លែងធ្វើការ និងគេងនៅក្នុងបន្ទប់សន្និសីទ បន្ទប់ server និងបន្ទប់ក្នុងរោងចក្រវិញ»។ នេះជាការគូសបញ្ជាក់របស់លោក Musk លើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបន្ថែមថា «ខ្ញុំត្រូវតែផ្ដោត ជាអតិបរមាលើ X ក្រុមហ៊ុន xAI និង Tesla វិញ ខណៈយើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាសំខាន់»។

គួរបញ្ជាក់ថា ការសម្រេចចិត្តដើរចេញរបស់លោក Elon Musk ធ្វើឡើងនៅមុនថ្ងៃទី២៨ ខែឧសភា ដែលជាកាលបរិច្ឆេទ១៣០ថ្ងៃ បន្ទាប់ពីការតែងតាំងរូបលោកជាប្រធានអង្គភាព DOGE ជាទីដែល លោកទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញគោលនយោបាយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិកដែលតម្រូវឱ្យជម្រុះបុគ្គលិករដ្ឋជាច្រើននាក់ចេញពីការងារ៕