(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៧ ខែឧសភា បានព្រមានថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន កំពុងប្រឡែងលេងជាមួយភ្លើង ស្របពេលរូបលោកកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឱ្យពិចារណាលើការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការព្រមាននេះគឺជាការបង្ហាញការខកចិត្តលើកចុងក្រោយបំផុតមួយរបស់លោក ត្រាំ ចំពោះលោក ពូទីន ២ថ្ងៃបន្ទាប់ពីរូបលោកហៅប្រធានាធិបតីរុស្ស៉ីរូបនេះថាជាមនុស្សបាតបង់សតិ ក្រោយការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំលើអ៊ុយក្រែន។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែល (លោក) វ្ល៉ាឌីមៀ ពូទីន មិនបានដឹង នោះគឺថាប្រសិនបើមិនមានខ្ញុំទេ ម្ល៉េះរឿងអាក្រក់ជាច្រើននឹងកើតឡើងលើរុស្ស៉ី។ ខ្ញុំចង់មានន័យថារឿងអាក្រក់បំផុត។ គាត់កំពុងប្រឡែងលេងជាមួយភ្លើង»

​​លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជារឿងអាក្រក់ទាំងនោះឡើយ។ ប៉ុន្តែ សារព័ត៌មានអាមេរិកទាំង២ គឺ Wall Street Journal និង CNN បានរាយការណ៍ថាលោក ត្រាំ កំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៉ី។ លោក ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានដែរថាជាការពិតណាស់ លោកកំពុងពិចារណាលើ ការដាក់ទណ្ឌប្រឆាំងរុស្ស៉ី៕