(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បានពិភាក្សាអំពីរបៀបបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងការវិវឌ្ឍចាប់តាំងពីមានកិច្ចចរចាផ្ទាល់រុស្ស៉ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ ២០២៥។

លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគី លើបញ្ហាសេដ្ឋកិច្ច និងថាមពលផងដែរ។

គួរបញ្ជាក់ថា លោក Fidan ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ នាចុងសប្តាហ៍នេះ ដើម្បីជួបក្រុមមន្ត្រីអ៊ុយក្រែន និងតាមដានការពិភាក្សានៅទីក្រុងអ៉ីស្តង់ប៊ុល។ ទោះមិន​ទាន់​មាន​កាលវិភាគថ្មី ឬ​ទីតាំង​​សម្រាប់​ការ​ចរចា​នា​ពេល​អនាគត​ រវាង​រុស្ស៉ី និង​អ៊ុយក្រែន​ក្តី ​តួកគីដែលជាសមាជិករបស់អង្គការណាតូ ​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​ ខ្លួន​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំការចរចាបន្តទៀត៕