(ញូវដែលី)៖ ក្រសួងការពារជាតិនៃប្រទេសឥណ្ឌា បានប្រកាសនៅថ្ងៃអង្គារ ទី២៧ ខែឧសភាថា រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានអនុម័តក្របខណ្ឌ សម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតរបស់ប្រទេស ចំពោះមុខភាពតានតឹងជាមួយប៉ាគីស្ថាន បន្ទាប់ពីប្រទេសទាំងពីរ បានផ្ទុះជម្លោះយោធាដាក់គ្នា កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ទីភ្នាក់ងារអភិវឌ្ឍយន្តហោះ ADA ដែលទទួលបន្ទុកដឹកនាំកម្មវិធីខាងលើ នឹងអញ្ជើញក្រុមហ៊ុនការពារជាតិក្នុងស្រុកទាំងឡាយ ឱ្យចូលរួមបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ សម្រាប់ការអភិវឌ្ឍគំរូយន្តហោះចម្បាំងនេះ ដែលត្រូវបានកំណត់ថា នឹងជាយន្តហោះចម្បាំងកំបាំងកាយមានម៉ាស៉ីន២ និងជាជំនាន់ទី៥។
គម្រោងនេះត្រូវបានមើលឃើញថា មានសារសំខាន់ជាខ្លាំង សម្រាប់កងទ័ពអាកាសឥណ្ឌា។ កងយន្តហោះចម្បាំងឥណ្ឌា ដែលភាគច្រើនរួមមាននូវយន្តហោះរបស់រុស្ស៉ីនិងសូវៀត សព្វថ្ងៃបានថយចុះចំនួនពី៤២គ្រឿង មកនៅត្រឹម៣១គ្រឿង ក្នុងគ្រាមួយដែលគូប្រជែងគឺចិនកំពុងពង្រីកកងទ័ពអាកាសរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ចំណែកប៉ាគីស្ថាន ក៏មានក្នុងដៃនូវយន្តហោះចម្បាំងទំនើបមួយរបស់ចិន គឺ J-10 ផងដែរ។
គួរបញ្ជាក់ថា ក្នុងខែឧសភានេះ យោធាឥណ្ឌានិងប៉ាគីស្ថាន បានប្រយុទ្ធគ្នារយៈពេល៤ថ្ងៃ ដែលអំឡុងពេលនោះ ភាគីទាំងពីរ បានប្រើប្រាស់យន្តហោះចម្បាំង មីស៉ីល ដ្រូន និងកាំភ្លើងធំ វាយប្រហារគ្នាទៅមក។ ក្រោយមក ក៏មានបទឈប់បាញ់ ដែលសម្រុះសម្រួលដោយអាមេរិក។ អំឡុងការប៉ះទង្គិចគ្នា ប៉ាគីស្ថានបានអះអាងថា ខ្លួនបានបាញ់ធ្លាក់យន្តហោះចម្បាំងឥណ្ឌា ប៉ុន្មានគ្រឿង ថែមទៀតផង៕