(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានចេញបម្រាមធ្វើដំណើរលើអតីតនាយករដ្ឋមន្រ្តី និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ ក្រោមក្របខណ្ឌនៃដំណើរការស៉ើបអង្កេត លើការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។
ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្រ្តី លោក Han Duck-soo និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ស្របពេលដែលអ្នកទាំងពីរ ស្ថិតក្រោមការស៉ើបអង្កេតក្នុងនាមជាជនសង្ស័យ ក្នុងសំណុំរឿងបះបោរ។ បើតាមប៉ូលិសកូរ៉េខាងត្បូង បម្រាមនេះបានចូលជាធរមាន តាំងតែពីពាក់កណ្តាលខែឧសភា។
លោក Yoon ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ កាលពីខែមេសា បន្ទាប់ពីលោកបានប្រកាសដាក់ប្រទេស ស្ថិតក្រោមច្បាប់អាជ្ញាសឹកអស់រយៈពេលប៉ុន្មានម៉ោង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយពេលសភាបោះឆ្នោតចោទប្រកាន់ដកតំណែង ហើយលោក Yoon ត្រូវបានព្យួរអំណាច លោក Han និងលោក Choi ធ្លាប់កាន់តួនាទីជាប្រធានាធិបតីស្តីទី ជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ទោះបីត្រូវដកតំណែងហើយក៏ដោយ បច្ចុប្បន្ន លោក Yoon កំពុងតែប្រឈមការជំនុំជម្រះក្តី ក្នុងសំណុំរឿងបះបោរ ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក។ ប្រសិនរកឃើញពិតជាមានទោស លោក Yoon អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬរហូតដល់ថ្នាក់ប្រហារជីវិត។ នៅសប្តាហ៍ក្រោយនេះ ប្រជាជនកូរ៉េខាងត្បូង នឹងនាំគ្នាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី៕