(ដូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បាននិយាយថាអ៉ីរ៉ង់នឹងនៅតែអាចបន្តរស់រានមានជីវិត បើទោះបីជាកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ មិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក Pezeshkian ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកិច្ចចរចាកាលពីចុងសប្ដាហ៍កន្លងទៅជាមួយអ៉ីរ៉ង់ បានប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ។ កិច្ចចរចាគឺមានគោលដៅដោះស្រាយជម្លោះអស់រយៈពេលជាងមួយទសវត្សរ៍មកនេះពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែរបស់អ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមដាក់ទណ្ឌកម្ម និងប្រើប្រាស់ កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់តែម្ដង ក្នុងករណីមិនអាចសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយទេនោះ។
តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «វាមិនអាចទៅរួចទេដែលយើងនឹងត្រូវអត់ឃ្លាន ឬស្លាប់ ប្រសិនបើពួកគេ (សហរដ្ឋអាមេរិក) បដិសេធចរចាជាមួយពួកយើង ឬក៏ដាក់ទណ្ឌកម្មប្រឆាំងនឹងពួកយើង។ យើងនឹងស្វែងរកមធ្យោបាយដើម្បីរស់»។
គួរបញ្ជាក់ថា ខណៈមានភាពរីកចម្រើនខ្លះៗក្រោយកិច្ចចរចាប៉ុន្មានជុំមកនេះរវាងក្រុមប្រតិភូអាមេរិក និងអ៉ីរ៉ង់ក៏ពិតមែន តែបញ្ហានៅតែមាន តួយ៉ាងជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ តេហេរ៉ង់កាលពីថ្ងៃចន្ទ បាននិយាយថា អ៉ីរ៉ង់នឹងមិនពិចារណាផ្អាកជាបណ្តោះអាសន្ន នូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នោះឡើយ៕