(កៀវ)៖ ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។ នេះបើយោងតាម
ទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Oleh Ivashchenko ប្រធាននាយកដ្ឋានចារកម្មការពារជាតិ បានប្រាប់ Ukrinform ថា «មានព័ត៌មានថា ប្រទេសចិនកំពុងផ្គត់ផ្គង់ម៉ាស៊ីនសម្រាប់ផលិតឧបករណ៍, ផលិតផលគីមីពិសេស, ម្សៅរំសេវ និងសមាសធាតុពិសេសសម្រាប់ឧស្សាហកម្មផលិតកម្មការពារជាតិរបស់រុស្ស៊ី»។ លោកបានបន្ថែមថា ចារកម្មអ៊ុយក្រែនក៏មានព័ត៌មានអំពីកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិនយ៉ាងតិច ៥ករណីក្នុងវិស័យអាកាសចរណ៍ ក្នុងឆ្នាំ២០២៤-២០២៥ និងការដឹកជញ្ជូនសារធាតុគីមីពិសេសធំៗចំនួន ៦លើកផងដែរ។
កាលពីខែមុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ធ្លាប់បានចោទប្រកាន់ជាសាធារណៈជាលើកដំបូងថា ចិនកំពុងផ្គត់ផ្គង់អាវុធ និងម្សៅរំសេវដល់រុស្ស៊ី។ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នោះថា «គ្មានមូលដ្ឋាន» ប៉ុន្តែក្រោយមកទីក្រុងកៀវបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនបី។
ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ីយ៉ាងខ្លាំង ចាប់តាំងពីការឈ្លានពានពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលនាំឲ្យមានទណ្ឌកម្មពីលោកខាងលិចលើរុស្ស៊ី។
គួរបញ្ជាក់ថា ការចោទប្រកាន់ពីការផ្គត់ផ្គង់សម្ភារៈដែលអាចប្រើក្នុងវិស័យយោធាពីសំណាក់ចិនទៅឲ្យរុស្ស៊ី កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច៕