(គូឡាឡាំពួ)៖ កាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី បាននិយាយថា ប្រទេសទីម័រឡេស្តេ ខិតកាន់តែជិតមួយជំហានទៀតហើយ ដើម្បីសម្រេចក្តីបំណងយូរមកហើយរបស់ខ្លួន ក្នុងការចូលរួមជាមួយសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ឬអាស៊ាន ដោយអាចនឹងក្លាយជាសមាជិកទី១១ នៅខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ថ្លែងមុនកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា ទីម័រឡេស្តេសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងការអនុវត្តផែនការដើម្បីឱ្យខ្លួនអាចចូលរួមជាមួយអាស៊ាន ហើយលោកអះអាងថា ទីម័រអាចនឹងទទួលបានការផ្តល់សមាជិកភាពពេញលេញ អំឡុងកិច្ចប្រជុំបន្ទាប់របស់អាស៊ាន នាខែតុលាខាងមុខ។ សម្រាប់ឆ្នាំនេះ ម៉ាឡេស៉ីកំពុងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។
គួរបញ្ជាក់ថា ទីម័រឡេស្តេជាប្រទេសក្មេងខ្ចីជាងគេបង្អស់ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដោយទើបទទួលបានឯករាជ្យពីឥណ្ឌូណេស៉ី កាលពីឆ្នាំ២០០២ ក្រោយស្ថិតក្រោមការត្រួតត្រា អស់រយៈពេល២៤ឆ្នាំ។ ប្រទេសដែលមានប្រជាជន១.៣លាននាក់មួយនេះ បានដាក់សំណើសុំចូលជាសមាជិកអាស៊ាន តាំងតែពីឆ្នាំ២០១១។ ទីម័រទទួលបានឋានៈជាសមាជិកអង្កេតការណ៍ នៅអាស៊ាន កាលពីឆ្នាំ២០២២៕