(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភា បាននិយាយថា ប្រសិនបើលោក វ៉្លាឌីមៀ ពូទីន ចចេសចង់បានអ៊ុយក្រែនទាំងមូលតែម្តងនោះ វាច្បាស់ជានឹងនាំទៅរកការដួលរលំនៃប្រទេសរុស្ស៉ីមិនខានឡើយ ហើយលោក ត្រាំ បានហៅលោកប្រធានាធិបតីរុស្ស៉ីថា ជាមនុស្សបាត់បង់សតិ បន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារដ៏ប្រល័យតាមផ្លូវអាកាសលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ៊ុយក្រែនបានឱ្យដឹងថា កាលពីវេលាយប់ឆ្លងចូលថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ រុស្ស៉ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុត លើទីក្រុងនានារបស់ខ្លួន ដោយប្រើយន្តហោះដ្រូន ២៩៨គ្រឿង រួមជាមួយមីស៉ីល៦៩គ្រាប់។ បើតាមយោធាអ៊ុយក្រែន មីស៉ីល៤៥គ្រាប់ និងដ្រូន២៦៦គ្រឿង ត្រូវបានបាញ់ស្ទាក់ ហើយជាលទ្ធផល ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្ស យ៉ាងហោច១៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ រីឯកាលពីយប់ថ្ងៃសុក្រឆ្លងចូលថ្ងៃសៅរ៍សប្តាហ៍ដដែល អ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបាញ់មីស៉ីលបាលិស្ទីគ១៤គ្រាប់ និងដ្រូន២៥០គ្រឿង មកលើខ្លួន ហើយបង្កឱ្យមនុស្ស១៥នាក់រងរបួស។

ក្នុងសារបង្ហោះលើបណ្តាញ Truth Social លោក ត្រាំ បាននិយាយថា «លោក ពូទីន ក្លាយជាមនុស្សបាត់បង់សតិហើយ។ ខ្ញុំតែងតែនិយាយថា លោក ពូទីន ហាក់ចង់បានអ៊ុយក្រែនទាំងមូល មិនមែនត្រឹមផ្នែកណាមួយនោះទេ ហើយឥឡូវអ្វីៗប្រហែលកំពុងបង្ហាញថា វាគឺជារឿងពិតដូចខ្ញុំថាមែន ប៉ុន្តែប្រសិនលោក ពូទីន ពិតជាមានគំនិតបែបនោះមែន វានឹងនាំទៅរកការដួលរលំនៃប្រទេសរុស្ស៉ីមិនខាន»

គួរបញ្ជាក់ថា ក្រោយការវាយប្រហាររបស់រុស្ស៉ី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បង្ហោះសារលើបណ្តាញសង្គមថា «ដោយគ្មានសម្ពាធរឹងមាំពិតប្រាកដលើរុស្ស៉ី អំពើសាហាវឃោរឃៅនេះ មិនអាចបញ្ឈប់ទេ។ ការនៅស្ងៀមស្ងាត់របស់អាមេរិក ក៏ដូចជាប្រទេសដទៃទៀតជុំវិញពិភពលោក មានតែលើកទឹកចិត្តលោក ពូទីន បន្ថែមប៉ុណ្ណោះ»។ ក្នុងសារលើបណ្តាញសង្គម លោក ត្រាំ បានរិះគន់លោក ហ្សេលេនស្គី ដោយនិយាយថា លោកប្រធានាធិបតីអ៊ុយក្រែន មិនជួយអ្វីដល់ប្រទេសខ្លួនឡើយ តាមរយៈការប្រើសម្តីដូចសព្វថ្ងៃ ហើយអ្វីៗដែលចេញពីមាត់លោក ហ្សេលេនស្គី មានតែបង្កើនបញ្ហាប៉ុណ្ណោះ។ លោកប្រធានាធិបតីអាមេរិក​ បានសង្កត់ធ្ងន់ថា លោកមិនពេញចិត្តសម្តីបែបនេះឡើយ និងគួរតែបញ្ឈប់ជាបន្ទាន់៕